(ភ្នំពេញ)៖ យុវជនអង្គការសង្គមស៉ីវិល តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសជំហរប្រឆាំងដាច់ខាតចំពោះបុគ្គលណា សកម្មភាពទាំងឡាយណា ដែលនាំឲ្យមានវិនាសកម្មដល់ប្រទេសកម្ពុជា និងមើលឃើញថា បើយើងធ្វេសប្រហែល សន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ អាចនឹងបាត់បង់ ហើយប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមម្តងទៀត ជាក់ជាមិនខាន។

យុវជន អង្គការ សង្គមស៊ីវិល ពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រាជរដ្ឋាភិបាលសព្វថ្ងៃបានស្រោចស្រង់ដឹកនាំឲ្យកម្ពុជា បានងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យបូរណភាពទឹកដី យ៉ាងពេញលេញ។

កន្លងមកប្រជាពលរដ្ឋកម្ពុជា ធ្លាប់គ្រោះដោយសារសង្គ្រាមស៊ីវិល រស់នៅក្នុងភាពភ័យខ្លាច អត់ឃ្លាន និងបែកបាក់គ្រួសារ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញគ្រប់ទីកន្លែង ដែលបានដឹតដាមក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនអាចបំភ្លេងបាន និងមិនចង់ឱ្យកើតមានសារជាថ្មីនោះទេ។ ប្រវត្តិដ៏ជូរចត់កន្លងមកនេះ អាចជាមេរៀន សម្រាប់យើងជាយុវជនគួរគិតគូរឱ្យបានវែងឆ្ងាយ ដើម្បីបញ្ចៀសការបែកបាក់គា្នដោយសារអ្នកនយោបាយជុលនិយម ឬបរទេសខិលខូចជាដើម។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ យុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាចូលរួមបន្តរក្សា និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជនជាតិខ្មែរជំនាន់ក្រោយ អាចបន្តរស់នៅសុខសាន្តជាមួយនឹងសន្តិភាពជានិច្ចនិរន្ត៍៕