(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ការគាំទ្រដល់គម្រោងរបស់អង្គការ និងស្នើដល់អង្គការសង្គ្រោះកុមារ និងអង្គការដៃគូដទៃទៀត ពង្រឹងកិច្ចសហការគ្នា ក្នុងការអនុវត្តកម្មវិធីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព សំដៅធានាការការពារសិទ្ធិ និងដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា។
ការស្នើនេះ បានធ្វើឡើងនៅថ្ងៃទី0៦ ខែមីនា ឆ្នាំ២០២៣ ខណៈលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោក ហុង រស្មី នាយកអង្គការសង្រ្គោះកុមារកម្ពុជា (Save The Children) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខុមាលភាពកុមារនៅកម្ពុជា នាទីស្តីការក្រសួងសង្គមកិច្ច។
ក្នុងជំនួបនោះ រដ្ឋមន្រ្តី វង សូត ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ បានយ៉ាងល្អរបស់អង្គការក្នុងការរួមចំណែកយកចិត្តទុកដាក់ចំពោះកិច្ចការពារកុមារនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក ហុង រស្មី នាយកអង្គការសង្គ្រោះកុមារ បានថ្លែងឱ្យដឹងថា អង្គការមានគម្រោងកម្មវិធីធំៗចំនួន៤រួមមាន ទី១ គម្រោងពង្រឹងប្រព័ន្ធកិច្ចការពារកុមារនៅសហគមន៍, ទី២ គម្រោងកិច្ចការពារកុមារ តាមរយៈការពង្រឹងប្រព័ន្ធ និងភ្តុសតាង, ទី៣ គម្រោងអភិបាលកិច្ចសិទ្ធិកុមារ និងទី៤ គម្រោងថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង។
លោកនាយក ក៏បានស្នើសុំបន្តចុះកិច្ចព្រមព្រៀងជាមួយក្រសួង លើអនុវត្តគម្រោងកម្មវិធីបន្តតាមផែនការដែលបានគ្រោងទុក ដើម្បីរួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីលើនេះ លោក វង សូត បានឱ្យដឹងទៀតថា សម្រាប់ស្ថានភាពកុមារនៅកម្ពុជា បានផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ តាមរយៈការលើកកម្ពស់ ការថែទាំតាមគ្រួសារ និងសហគមន៍ ហើយក្រសួងក៏បានលើកទឹកចិត្តដល់អង្គការដៃគូទាំងអស់ផ្តោតសំខាន់ទៅលើការផ្តល់សេវាទៅតាមសហគមន៍ដល់កុមារក្នុងគ្រួសារក្រីក្រ កុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះផងដែរ៕