(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសំដែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ឆ្នាំ២០២៣។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅវិមានព្រឹទ្ធសភា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកប ដោយសក្ដានុពល នៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់។

លោកស្រីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបន្ថែមទៀតថា ស្ដ្រីក៏ជាអ្នកទទួលបានភាគផល ពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងភាពងាយរងគ្រោះ។

បើតាមរដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី គោលនយោបាយ និងយុទ្ធសាស្រ្ត លើកកម្ពស់សមភាពយេនឌ័រ មានទស្សនៈវែងឆ្ងាយដោយអនុញាតឲ្យប្រជាជនជាស្ត្រី ដែលមានចំនួនជាង៥០% នៃប្រជាជនសរុបទទួលបានសិទ្ធិ មានជម្រើសក្នុងការដឹកនាំជីវិតរបស់ខ្លួន និងមានកាលានុវត្តភាពចូលរួមប្រកបដោយសក្តានុពល ក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋ-កិច្ចជាតិ។

រដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្រ្តីជាមូលធនមនុស្សដ៏សំខាន់ និងមិនអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍ ហើយបានរំលេច ក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាលថា ស្រ្តី គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ។

ជាមួយគ្នានេះ លោកស្រី អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ ក្រសួងកិច្ចការនារី សហការជាមួយក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន រួមទាំងបណ្តាញ ផ្សព្វផ្សាយ និងដៃគូពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងបន្តរំលេច៖

១៖ ពីតម្លៃ នៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ខណៈពិភពលោកកំពុងជួបប្រទះភាពតានតឹង និងកម្ពុជាកំពុងតែគ្រប់គ្រង ឲ្យបាននូវសណ្តាប់ធ្នាប់ល្អ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលថ្មីប្រកបដោយភាពសេរី និងយុត្តិធម៌ និង២៖ រំលេចលើបរិវត្តកម្មសេដ្ឋកិច្ច-សង្គមដែលកើតឡើង ក្នុងពិភពលោក ក៏ដូចនៅកម្ពុជាពន្លឿនដោយវិបត្តិកូវីត១៩ និងបដិវត្តឧស្សាហកម្ម៤.០ ដោយតម្រូវឲ្យធនធានស្ត្រីត្រូវចាប់យក ឲ្យទាន់សភាពការណ៍ដើម្បីបន្ស៊ាំខ្លួន និងឆ្លើយតបទៅតម្រូវការបច្ចុប្បន្ន ក្នុងការស់នៅតាមបែបគន្លងថ្មី។

លោកស្រីបញ្ជាក់ថា ចំណុចនេះ តម្រូវឲ្យយើងគិតគូរលើសក្តានុពល និងកាលានុវត្តភាពនានា ដើម្បីធានាថាស្រ្តី និងក្លាយជាមូលធនមនុស្សដ៏មានសក្តានុពល ផ្អែកលើចំណេះដឹង អាចបន្តចូលរួម យ៉ាងពេញលេញ និងទទួលភាគផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់ ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយមិនទុកនរណាម្នាក់ ឲ្យនៅឯកោ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្ដែងនូវការគាំទ្រមូលបទ ដែលក្រសួងកិច្ចការនារី បានកំណត់យកឆ្នាំនេះ ពិតជាមានសារៈសំខាន់ដែលឆ្លុះបញ្ចាំងពីតម្លៃ និងវត្តមានរបស់ស្រ្តីកម្ពុជា ក្នុងការចូលរួ មថែរក្សាសុខសន្តិភាព និងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

លើសពីនោះទៀត ព្រមទាំងបានឆ្លុះបញ្ចាំងពីចក្ខុវិស័យទៅអនាគត ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងយុគសម័យឌីជីថល ខណៈដែលយើងទាំងអស់គ្នា បានឆ្លងកាត់វិបត្តិកូវីដ-១៩ និងខិតខំប្រឹងប្រែងស្តារសង្គម សេដ្ឋកិច្ចឡើងវិញ និងកសាងភាពធន់ និងភាពរឹងមាំរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព៕