(ភ្នំពេញ)៖ និយ័តការបរធនបាលកិច្ចបានរៀបចំវគ្គពិភាក្សាស្ដីពីកាលានុវត្តភាពនៃប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា នាឱកាសវេទិកាបរធនបាលកិច្ចឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ។

វេទិកាបរធនបាលកិច្ចឆ្នាំ២០២៣នេះបានធ្វើឡើងនាចុងខែកុម្ភៈ។ តាមរយៈវគ្គពិភាក្សាខាងលើនេះដែរបានបង្ហាញសក្ដានុពលនៃប្រតិបត្តិការបរធនបាលកិច្ចច្រើនប្រភេទនៅប្រទេសកម្ពុជា មានដូចជា៖ បរធនបាលកិច្ចគ្រួសារ, បរធនបាលកិច្ចអចលនទ្រព្យ, បរធនបាលកិច្ចធានារ៉ាប់រង និងបរធនបាលកិច្ចផ្សេងទៀត។

បរធនបាលកិច្ចទាំងនេះនឹងជួយជំរុញ និងធានានិរន្តរភាពភាពហិរញ្ញវត្ថុគ្រួសារឆ្លងជំនាន់ ក៏ដូចជាការពារហានិភ័យមួយចំនួន និងផ្ដល់ការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់ដល់អ្នកជំនាន់ក្រោយ។

កិច្ចពិភាក្សាមានការអញ្ជើញចូលរួមពីវាគ្មិនជាតិនិងអន្តរជាតិ រួមមាន៖ លោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច, កញ្ញា ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ចនៃនិយ័តករបរធនបាលកិច្ច, អ្នកនាង Halyn CHAI ប្រតិបត្តករបរធនបាលកិច្ចនិងអចលនវត្ថុ នៃក្រុមហ៊ុន Phillip Group Singapore, លោក Han CHEN នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក, លោកស្រី ប៊ុត កេរ៉ាឌី នាយិកាប្រតិបត្តិនៃហ្គ្រេន កាថេ អ៊ិនវេសម៉ិន ត្រាស (ខេមបូឌា) ម.ក និងលោក ម៉ឹង សំណាង នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហាវ ត្រាស ឃែភីថល អ៊ិនវេសម៉ិន ឯ.ក៕