(ភ្នំពេញ)៖ ជនសង្ស័យ២រូប និងគ្រឿងញៀនជិត១គីឡូក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ បង្ក្រាបបាននៅហាងមួយកន្លែង ក្នុងសង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដោយ​មានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំង ការសម្អាតប្រាក់ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចហាងមួយកន្លែង ភូមិទួលស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ ស៊ីម ណាហ្វី ភេទប្រុស អាយុ៤៤ឆ្នាំ។ សរុបវត្ថុតាងគ្រឿងញៀន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៩៨១,៦០ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕