(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្ថាបនិកសន្តិភាពនៅកម្ពុជា បានរំលឹកអំពីពាក្យចាស់បុរាណដែលបានដំណាលទាក់ទិននឹង «វាលទាំង៣» នោះគឺវាសង្គ្រាម វាលអត់ឃ្លាន (ទុរ្ភិក្ស) និងវាលជំងឺតម្កាត់ ខណៈកម្ពុជាបានឆ្លងផុតរួចហើយនូវវាលសង្គ្រាម និងវាលអត់ឃ្លាន នៅឡើយតែវាលជំងឺតម្កាត់ដែលកំពុងហែលឆ្លងនៅឡើយ។

សម្ដេចតេជោ ហ៊ុន សែន រំលឹកបែបនេះគឺនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ចាស់ៗធ្លាប់និយាយពីរឿងវាលទាំង៣ វាលទី១គឺវាលសង្គ្រាម ទី២គឺវាលអត់ឃ្លាន និងទី៣គឺវាលជំងឺ ខណៈវាលទី១ និងទី២ កម្ពុជាយើងបានឆ្លងផុតហើយ ឯវាលទី៣កំពុងហែលឆ្លង ហើយប្រហែលឆ្លងមិនផុតទេ ទាំងកម្ពុជា និងពិភពលោក ព្រោះជំងឺនៅតែកើតមានមករហូត»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដំបូងអំពីវាលសង្គ្រាម ដែលកម្ពុជាធ្លាប់កើតសង្គ្រាមរ៉ាំរ៉ៃតាំងពីដើមមក តែយើងបានពន្លត់ភ្លើងសង្គ្រាមនេះបានជោគជ័យ និងបញ្ចប់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បើគិតមកដល់ឆ្នាំ២០២៣នេះគឺជាខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា ហើយបាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានព្រមានមិនឱ្យក្រុមប្រតិកិរិយាណា មកអូសទាញនាំកម្ពុជាឱ្យវិលត្រលប់ទៅរកសង្គ្រាមវិញនោះឡើយ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ក៏មិនអត់ឱនឱ្យក្រុមណាដែលមានចេតនាបំផ្លាញសន្តិភាពនេះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

សម្ដេចតេជោក៏បានទទួចដល់មជ្ឈដ្ឋានអន្តរជាតិកុំមានការគាំទ្រដល់ក្រុមដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ព្រោះកម្ពុជាជួបរឿងកម្សត់ច្រើនណាស់មកហើយពីភ្លើងសង្គ្រាម ការបាត់បង់ជីវិត បន្សល់នូវជនពិការ ស្ត្រីមេម៉ាយ កុមារ និងជនគ្នានទីពឹង ជួបនូវរឿងនិរាសព្រាត់ប្រាស ជួបគ្រោះទុរ្ភិក្សអត់ឃ្លាន និងកើតមានបញ្ហាជាច្រើនអនេក ទម្រាំរកបាននូវសន្តិភាពនេះ គឺត្រូវចំណាយជីវិតមនុស្សច្រើនណាស់។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកបន្តអំពីវាលទី២ គឺវាលអត់ឃ្លាន ដែលកម្ពុជាក៏បានហែលឆ្លងផុតរួចមកហើយដែរ ពិសេសក្រោយរបបខ្មែរក្រហម ប៉ុល ពត។ សម្ដេចតេជោបន្តទៀថា គ្រោះទុរ្ភិក្សអត់ឃ្លានបានកើតឡើងនៅទូទាំងប្រទេស បូករួមទាំងការគ្មានថ្នាំសង្កូវ ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់បន្តពីរបបខ្មែរក្រហម។ កាលណោះ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានប្រឹងជម្នះការលំបាក បន្ទាប់ពីរំដោះប្រទេសហើយ យើងបានចាប់ផ្ដើមជាមួយផលិតកម្មស្បៀងអាហារ ដោះស្រាយការលំបាករបស់ប្រជាជន។ ជាមួយនឹងការអត់ឃ្លាននៅកម្ពុជានោះ ប្រទេសមួយចំនួនក៏បានផ្ដល់ជំនួយទៅដល់ប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងនៅតាមព្រំដែន។ នេះហើយជាវាលដែលកម្ពុជាឆ្លងកាត់យ៉ាងលំបាក។

សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា បច្ចុប្បន្នវាលនេះមិនកើតមានក្នុងប្រទេសកម្ពុជាទៀតទេ យើងមានស្បៀងអាហារសម្រាប់ការនាំចេញទៅក្រៅប្រទេស ក្នុងនោះក្នុងមួយឆ្នាំៗយើងសល់ស្រូវជាង៦លានតោន ហើយបើគិតជាអង្ករគឺមិនតិចជាង៤លានតោននោះទេ នេះក៏មិនបានគិតពីស្បៀងដទៃទៀត ដូចជាដំឡូងមី ពោតជាដើម។

សម្ដេចបានបញ្ជាក់ទៀតថា ឥឡូវនេះ ដល់ដំណាក់កាលទទួលទានឱ្យឆ្លៀត ឱ្យឆ្ងាញ់ និងឱ្យធានាសុខភាព ពិសេសរាជរដ្ឋាភិបាល និងសេនាធិការក៏កំពុងគិតពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ ជាមួយនឹងការផលិតស្បៀងស្រូវដោយមិនប្រើជីគីមី និងលើកទឹកចិត្តឱ្យប្រើជីសរីរាង្គ។

ចំពោះវាលទី៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាលទី៣នេះគឺឆ្លងមិនផុតទេ នោះគឺជំងឺតម្កាត់នេះឯង ដែលយើងកំពុងហែលឆ្លង និងត្រូវបន្តហែលឆ្លងតទៅទៀត។

សម្ដេចបន្តថ្លែងទៀតថា «ពីមុនមានគ្រុនផ្ដាសាយបក្សី ផ្ដាសាយជ្រូក មកដល់ជំងឺកូវីដ១៩នេះ ហើយក៏មានការបំប្លែងខ្លួនតាំងពីអាល់ហ្វារហូតដល់អូមីក្រុងនេះទៀត។ ស្របពេលអាកាសធាតុកំពុងមានការប្រែប្រួល មិនដឹងថានឹងមានជំងឺអ្វីកើតឡើងទៀត»

ទោះបីជាមនុស្សជាតិទូទាំងពិភពលោកមិនអាចរួចផុតពីបញ្ហាជំងឺតម្កាត់នេះក៏ពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់ទិសទីសូមយកចិត្តទុកដាក់ក្នុងការរស់នៅ ហូបចុក ក៏ដូចជាការគិតគូរពីសុខភាពរបស់ខ្លួនឱ្យបានជាប់ ខណៈក្រសួងក៏នៅតែផ្សព្វផ្សាយ អប់រំ ណែនាំជាប្រចាំអំពីអនាម័យ សុខភាព និងបញ្ហាជំងឺ-មេរោគផ្សេងៗ ព្រមទាំងប្រាប់ពីវិធានការបង្ការ ទប់ស្កាត់ និងលុបបំបាត់ជាដើម៕