លោក ខៀវ កាញារីទ្ធ បំភ្លឺលើការចោទមន្រ្តីមន្ទីរព័ត៌មាន ខេត្តបាត់ដំបង៣នាក់ ករណីសង់ផ្ទះលើដីរដ្ឋ
04-07-2016 12:17
(ភ្នំពេញ)៖ ក្រោយពីមានការចោទប្រកាន់មន្រ្តីមន្ទីរព័ត៌មានខេត្តបាត់ដំបង ៣នាក់ថា សាងសង់ផ្ទះកេងចំណេញលើដីរដ្ឋ, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបំភ្លឺថា មន្រ្តីទាំងនោះមិនមានសិទ្ធិក្នុងការយកដីនោះធ្វើជាកម្មសិទ្ធិខ្លួនទេ ដោយការសាងសង់នេះគ្រាន់តែរស់នៅបណ្តោះអាសន្នប៉ុណ្ណោះ ហើយថាដីទាំងនោះ ត្រូវបានដាក់ចូលជាដីរដ្ឋរួចរាល់ហើយ។
ការបំភ្លឺរបស់ លោក ខៀវ កាញារីទ្ធ ក្នុងលិខិតមួយដែលផ្សព្វផ្សាយដោយ ACU នៅថ្ងៃទី០៤ ខែកក្កដានេះ បានធ្វើឡើងបន្ទាប់ពីជនអនាមិក បានដាក់ពាក្យប្តឹងមកកាន់ ACU ដោយចោទប្រកាន់លើមន្រ្តីព័ត៌មាន ខេត្តបាត់ដំបង ចំនួន៣នាក់ ករណីសាងសង់ផ្ទះនៅលើដីកម្មសិទ្ធិរបស់មន្ទីរព័ត៌មានខេត្ត និងបានកាត់យកដីស្ថានីយ៍វិទ្យុចម្ការចេក។
លោក ខៀវ កាញារីទ្ធ បានឆ្លើយបំភ្លឺជូន ACU ថា ករណីបរិវេណស្ថានីយ៍ទូរទស្សន៍ចាស់ (ស្ថានីយ៍វិទ្យុចម្ការចេក) ស្ថិតនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនោះ មន្រ្តីទាំងបីនាក់របស់មន្ទីរព័ត៌មានខេត្ត គ្មានសិទ្ធិយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទេ ព្រោះមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបញ្ចូលបរិវេណដីទាំងស្រុងទៅក្នុងបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរដ្ឋ នៅឆ្នាំ២០១៤ រួចហើយ។
សូមជម្រាបថា មន្រ្តីដែលជាប់ពាក់ព័ន្ធនឹងករណីសង់ផ្ទះលើដីរដ្ឋខាងលើ មានឈ្មោះ ទី១.ឈ្មោះ គ្រី ចំរើន អតីតប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង, ទី២.ឈ្មោះ ទី សុខុនសក្តិ ជាបុគ្គលិកផ្នែកទូរទស្សន៍ និងទី៣.ឈ្មោះ ឈុន ឫទ្ធី។
តាមការបំភ្លឺរបស់លោក គ្រី ចំរើន នៅក្នុងសេចក្តីជូនដំណឹងរបស់ ACU បានឱ្យដឹងថា លោកបានកាប់ឆ្ការ ចាក់បំពេញដីលើកន្ទុយដីដែលសេសសល់ ដើម្បីធ្វើផ្ទះស្នាក់នៅបណ្ដោះអាសន្នសិន រហូតដល់ថ្ងៃទី០៤កក្កដា ឆ្នាំ២០១១ លោកបានដាក់ពាក្យទៅលោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្តបាត់ដំបង ដើម្បីស្នើសុំកន្ទុយដីឡូត៍ សម្រាប់សង់ផ្ទះ ហើយលោកអភិបាលខេត្តក៏បានអនុញ្ញាត តែមិនបានចុះហត្ថលេខាទេ គ្រាន់តែប្រាប់ថា បើអ្នកណាសួរប្រាប់គេថាគាត់លោក ប្រាជ្ញ ចន្ទ ជាអ្នកឱ្យធ្វើ។
លោក គ្រី ចំរើន បានបន្ថែមថា លោកធ្លាប់ជាមន្រ្តីនៃមន្ទីរឃោសនាការខេត្តបាត់ដំបង តាំងពីឆ្នាំ១៩៧៩ រហូតដល់ឡើងឋានៈជាប្រធានមន្ទីរព័ត៌មាន បែរជាមិនទាន់មានដីសម្រាប់ធ្វើផ្ទះនឹងគេ ដោយមានការឯកភាពពីលោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្ត លោក គ្រី ចំរើន ក៏សុខចិត្តកាប់ឆ្ការព្រៃ ចាក់បំពេញដី សុំយកត្រឹមកន្ទុយដីដែលសេសសល់ពីដីឡូត៍គេ ដែលមានទំហំ ទទឹង៦.៦០ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ មកកែច្នៃសាងសង់ផ្ទះឱ្យបានសមរម្យ ក្នុងឋានៈជាប្រធានមន្ទីរ។
បើតាមការបំភ្លឺរបស់លោក គ្រី ចំរើន មន្រ្តីឈ្មោះ ទី សុខុនសក្តិ ក៏បានធ្វើផ្ទះ និងកាន់កាប់ដី២ឡូត៍ ហើយមន្រ្តីឈ្មោះ ឈុន ឫទ្ធី ក៏បានកាន់កាប់អគាររដ្ឋ១ល្វែងផងដែរ ដូច្នេះហើយ ទើបលោក ចង់បានដីធ្វើលំនៅដ្ឋាន ដើម្បីឱ្យសមនឹងឋានៈជាប្រធានមន្ទីរព័ត៌មានខេត្ត នឹងគេ៕