(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ដល់ទី០៧ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសចិននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក អ៊ី ចឹងសឹង ប្រធានសភាពប្រឹក្សានយោបាយប្រជាជនចិន។ ក្រៅពីនោះ ក៏មានការជួបសម្តែងការគួរសម ជាមួយលោក វាង តឺជាំង ប្រធានសភាតំណាងប្រជាជនចិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិនមួយចំនួនទៀត ព្រមតាំងទស្សនាតំបន់ ពាណិជ្ជកម្ម និងឧស្សហកម្មមួយចំនួន ក្នុងរដ្ឋធានីប៉េកាំង។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជានាពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក អ៉ី ចឹងសឹង ប្រធានសភាពប្រឹក្សានយោបាយប្រជាជនចិន៕