(ភ្នំពេញ)៖ «វាជារឿងមួយគួរឲ្យអស់សំណើចខ្លាំងណាស់ និងជាការលើកឡើងក្នុងភាពល្ងីល្ងើ ដែលខ្លួនឯងកំពុងជាប់គុក បែរជាដាក់លក្ខខណ្ឌឲ្យ អ្នកយាមគុកទៅវិញ នេះបានចំជាមនុស្សខ្វះការយល់ដឹងមែន» នេះបើយោងតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មួយរូបសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់់ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់ថា អ្វីដែលជាការលើកឡើងដាក់ជម្រើសទី១ និងជម្រើសទី២ របស់លោក សម រង្ស៊ី មេបក្សប្រឆាំង ប្រៀបបានទៅ នឹងមនុស្សម្នាក់ កំពុងលង់ទឹកជិតស្លាប់ទៅហើយ បែរជាស្រែកដាក់លក្ខខណ្ឌឲ្យអ្នកចេះហែលទឹក ឬអ្នកកំពុងនៅលើគោកទៅវិញ ពិតជាហួសចិត្តមែន។ ខ្លួនឯងដែលកំពុងជាប់ទោស ព្រហ្មទណ្ឌនៅតុលាការកម្ពុជា រត់គេចពីសំណាញ់ច្បាប់ទៅក្រៅប្រទេស មិនហ៊ានទាំងចូលស្រុកផង បែរជាមកដាក់លក្ខខណ្ឌ ឲ្យជម្រើសឲ្យគេជ្រើសរើសទៅវិញ។
មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ទៀតថា៖ គួរតែលោក សម រង្ស៊ី ទេ ដែលត្រូវខិតខំកែខ្លួន ព្រោះកាអនុគ្រោះ និងការយោគយល់ជាច្រើន លើកឲ្យកន្លងមករហូត បង្កើតឲ្យមានវប្បធម៍សន្ទនាទៀត ក៏លោក សម រង្ស៊ី នៅតែមិនកែខ្លួន ហើយលួចអនុវត្តល្បិចចាប់ដៃជាន់ជើង។
ការថ្លែងប្រតិកម្មបែបនេះ របស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមេបក្សប្រឆាំងនៅកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានបង្ហាញនៅលើ Facebook ដោយដាក់ជម្រើសចំនួន២ ឲ្យជ្រើសរើសស្តីអំពីជំនួយអន្តរជាតិ ដល់កម្ពុជានៅឆ្នាំ២០១៧ ជិត៨០លានដុល្លា, ដូចជាជម្រើសទី១៖ មេដឹកនាំប្រទេសសព្វថ្ងៃ ចេះកែខ្លួន ឈប់គាបសង្កត់ប្រជាពលរដ្ឋ ឈប់រំលោភសិទ្ធិមនុស្ស ហើយឈប់ចាប់ប្រជារាស្ត្រធ្វើជាចំណាប់ខ្មាំង ចំពោះមុខម្ចាស់ជំនួយបរទេស។ ជម្រើសទី២៖ មេដឹកនាំប្រទេសសព្វថ្ងៃ មិនព្រមកែខ្លួន នៅតែគាបសង្កត់ប្រជាពលរដ្ឋ នៅតែរំលោភសិទ្ធិមនុស្ស ហើយនៅតែចាប់ប្រជារាស្ត្រ ធ្វើជាចំណាប់ខ្មាំង ចំពោះមុខម្ចាស់ជំនួយបរទេស។
នៅថ្ងៃនេះមន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ ឆ្លើយតបវិញថា «វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ បែរជាអ្នកជាប់គុក ដាក់លក្ខខណ្ឌឲ្យអ្នកយាមគុកទៅវិញ ហើយគុកកំពុងដង្ហោយហៅអ្នកជាប់ទោស ដែលកំពុងដាក់លក្ខខណ្ឌឲ្យរាជរដ្ឋាភិបាលកម្ពុជា លើរឿងជំនួយនេះផងដែរ»៕