(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ បានរំលឹកនូវរឿងរ៉ាវមួយដែលជាការឈឺចាប់នៅពេលសង្គ្រាមធ្លាក់ក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រៅពីព្រាសប្រាសក្រុមគ្រួសារហើយនោះ គឺប្រជាពលរដ្ឋជួបនូវការអត់ឃ្លាន គ្មានស្បៀងអាហារសម្រាប់ទទួលទាន ដែលសម្ដេចហៅថា ពេលនោះជាវាលអត់ឃ្លាន។
ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជម្នះនឹងវាលអត់ឃ្លាន ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបច្ចុប្បន្ននេះ វាលអត់ឃ្លានលែងកើតមាននៅក្នុងប្រទេសកម្ពុជាទៀតហើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការអត់ឃ្លានបានគំរាមកំហែងទូទាំងប្រទេស មិនថាតែអ្នកនៅក្នុងប្រទេសកម្ពុជាទេ បងប្អូនយើងដែលបានរត់ភៀសខ្លួនទៅក្នុងទឹកដីថៃ ក៏ទទួលនូវការអត់ទានដោយត្រូវផ្ដល់ជំនួយពីសំណាក់ប្រទេសនានា ទៅជុំរំជនភៀសខ្លួននៅប្រទេសថៃ។ វាលនោះជាវាលដែលយើងឆ្លងកាត់ដ៏លំបាក ពេលនេះវាលអត់ឃ្លានមិនកើតមាននៅក្នុងប្រទេសកម្ពុជាទៀតទេ យើងបានប្រឹងប្រែងធ្វើឲ្យប្រជាជនយើងមានស្បៀងអាហារគ្រប់គ្រាន់»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, បច្ចុប្បន្នក្រៅពីបញ្ចប់នូវវាលអត់ឃ្លានហើយនោះ កម្ពុជាក៏នៅសល់ស្បៀងអាហារសម្រាប់ការនាំចេញទៅក្រៅប្រទេសទៀតផង ហើយគ្រាន់តែផលិតកម្មស្រូវ ក្នុងមួយឆ្នាំសល់មិនតិចជាង៦លានតោន ហើយគិតជាអង្ករ៤លានតោនជាង ក្នុងនោះមិនទាន់គិតអំពីស្បៀងផ្សេងទៀត ដូចជា ដំបូងមី និងពោតជាដើម សរុបជិត២០លានតោនដែលត្រូវនាំចេញ។
ដូច្នេះហើយសម្ដេចនាយករដ្ឋមន្ដ្រី បានអះអាងថា វាលអត់ឃ្លានមិនមែនជាចំណោទបញ្ហាសម្រាប់យើងទៀតទេ បើសិនជាកសិករ និងប្រជាជនយើងនៅបន្ដការខិតខំប្រឹងប្រែង ដូចសព្វថ្ងៃ ហើយមានសន្ដិភាពដូចសព្វថ្ងៃ។ សម្ដេចបន្ដថា ប្រព័ន្ធស្រោចស្រពមានកាន់តែច្រើន ហើយតំបន់មួយចំនួនអាចធ្វើស្រែបាន២ដង ឬឈានដល់៣ដងថែមទៀត។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា វាល៣ ដែលចាស់បុរាណខ្មែរដំណាលឡើងនោះ រួមមាន៖ វាលសង្គ្រាម, វាលអត់ឃ្លាន, វាលជំងឺតម្កាត់។ ខណៈបច្ចុប្បន្ន វាលសង្គ្រាម និងវាលអត់ឃ្លាន បានឆ្លងផុតហើយ ដោយឡែកវាលជំងឺ ប្រហែលឆ្លងមិនផុតទេ ដែលសម្ដេចនៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព៕