(កង់បេរ៉ា)៖ អ្នកជំនាញផ្នែកសន្តិសុខនាវាចររបស់ប្រទេសអូស្ត្រាលីលោក Sam Bateman មកពីសកលវិទ្យាល័យ Wollongong នៃប្រទេសអូស្ត្រាលីបានលើកឡើងថា សហរដ្ឋអាមេរិកបាននិងកំពុងជួបប្រទះភាពស្មុគស្មាញជាច្រើន ខណៈដែលមហាអំណាចនេះ ព្យាយាមដើរតួយ៉ាងខ្លាំង ទៅលើការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដែលគ្រប់គ្នា មើលឃើញថាការកាន់ជើងហ្វីលីពីននោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។
អ្នកជំនាញ និងជាសាស្ត្រាចារ្យមួយរូបខាងលើនេះបានបន្ថែមទៀតថា ការចង់បានអាជ្ញាកណ្តាលមកចូល រួមដោះស្រាយបញ្ហា ដែលស្នើឡើងដោយប្រទេសហ្វីលីពីននោះ នឹងបង្កើតឲ្យមានលទ្ធផលនៃការបាត់បង់ កាន់តែច្រើនឡើងៗ។ លោក Sam អះអាងដូច្នេះថា «កិច្ចព្រមព្រៀងទៅលើបញ្ហា ដែនអធិបតេយ្យ គឺជាអ្វីដែលត្រូវ មានការដោះស្រាយតាមផ្លូវនយោបាយ។ បញ្ហាសមុទ្រចិនខាងត្បូងត្រូវតែ ដោះស្រាយតាមរយៈកិច្ចចរចា រវាងភាគី ជាប្រទេសដែលជាប់ពាក់ព័ន្ធដោយចំពោះតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង បានកក្រើកឡើងវិញកាន់តែខ្លាំង ក្រោយពីប្រទេសហ្វីលីពីន បានសម្រេចជាឯកតោភាគី ដើម្បីស្នើឲ្យមានអាជ្ញាកណ្តាលអន្តរជាតិ ដោះស្រាយជម្លោះ កាលពីឆ្នាំ ២០១៣ ហើយក្នុង នោះអាមេរិកជាអ្នកជម្រុញយ៉ាងដុតដៃដុតជើង។ លោក Sam បានព្រមានផងដែរថា ប្រទេសទាំងឡាយណា ដែលព្យាយាមរុញច្រានប្រទេសចិនឲ្យទៅមួយចំហៀង ប្រទេសទាំងនោះហើយដែលបាននិងកំពុងព្យាយាមបំផ្លើស ការពិត និងបង្ហាញមហិច្ឆិតាលេបត្របាក់ផលប្រយោជន៍ខ្លាំងជាងគេ នៅសមុទ្រចិនខាងត្បូងនោះ៕