(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។
លោកបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឱ្យដឹងថា សិស្ស និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១,៧២៨នាក់ នារី ៦៨៤នាក់។ សិស្ស និស្សិតទាំងនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨-២០១៩, ឆ្នាំសិក្សា២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៥៣នាក់ផងដែរ។
លោកបណ្ឌិត ណុប នរិន្ទ បានឱ្យដឹងថា វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបំពេញបេសក កម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះ បណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាកម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និង គុណភាព ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
នាយកវិទ្យាស្ថានបន្តថា ស្របតាមការជាក់ស្តែងនេះ វិទ្យាស្ថានខ្មែរជំនាន់ថ្មី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹង និង លើកកម្ពស់គុណភាពអប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈគ្រប់កម្រិត ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ជ និង ទីផ្សារការងារបច្ចុប្បន្ន។ ជាមួយគ្នានេះ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណភាពអប់រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ វិទ្យាស្ថានក៏បានធ្វើការកែទម្រង់ ក្នុងការគ្រប់គ្រងប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធគ្រប់គ្រងដំណើរការបណ្តុះបណ្តាល និង អភិវឌ្ឍកម្មវិធីសិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និង ពង្រឹងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ឱ្យស្របតាមស្តង់ដាគុណភាពអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាលទ្ធផលនៃការខិតខំប្រឹងប្រែងកំណែទម្រង់ និង អភិវឌ្ឍគុណភាពបណ្តុះបណ្តាល ប្រកប ដោយស្មារតីទទួលខុសត្រូវ និង បានឆ្លងកាត់បទពិសោធន៍ រយៈពេល ១៧ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានអភិវឌ្ឍខ្លួនពី អង្គការវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបង្កើតឡើងក្នុងឆ្នាំ២០០០ និងសម្រេចបានសមិទ្ធផលយ៉ាងធំធេង ជាបន្តបន្ទាប់គួរជាទីមោទនៈ។ ក្នុងទិសដៅកំណែទម្រង់ និង អភិវឌ្ឍគុណភាពអប់រំបណ្តូះបណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ វិទ្យាស្ថានក៏បានពង្រឹង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង សម្ភារបរិក្ខារ ក្នុងទិសដៅផ្សារភ្ជាប់ការសិក្សាទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង។
បើតាមលោកបណ្ឌិត ណុប នរិន្ទ បច្ចុប្បន្នវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ចំនួន ៣០៨នាក់ នារី ៩១នាក់, សិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា ចំនួន ១,៦៥០នាក់ នារី ៧២៨នាក់។
ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ សិស្សវិជ្ជាជីវៈ និង និស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បានបញ្ចប់ការសិក្សាសរុបចំនួន ២០,៣៩៩នាក់ នារី ៨,៨៩១ នាក់។ ក្នុងនោះគិតទាំងសិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភី ដែលត្រូវទទួលវិញ្ញាបនបត្រ និង សញ្ញាបត្រនាឱកាសនេះផងដែរ។
យោងតាមលទ្ធផលស្ទង់មតិបានបង្ហាញថា សិស្សវិជ្ជាជីវៈ និង និស្សិតជ័យលាភីនេះ អ្នកមានការងារធ្វើស្មើនឹង ៩៧.០៥ % ក្នុងនោះ ថ្នាក់វិជ្ជាជីវៈស្មើ ១០០%, ថ្នាក់បរិញ្ញាបត្ររង ស្មើ ៩៦.៦៤ %, ថ្នាក់បរិញ្ញាបត្រ ស្មើ ៩១.៩៣ % និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្មើ ១០០%។
លោកបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា សមិទ្ធផល ដែលវិទ្យាស្ថានខ្មែរជំនាន់ថ្មីសម្រេចបាននេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេស ដោយសារគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ចង្អុលបង្ហាញ និង ឧបត្ថម្ភគាំទ្រ ទាំងគតិដឹកនាំ ស្មារតី សម្ភារ និងថវិកា ដោយគិតចាប់តាំងពីឆ្នាំ២០០២ រហូតមក ក្នុងនោះបានផ្តល់ជំនួយឧបត្ថម្ភជាសម្ភារសិក្សាជាច្រើន ដល់អង្គការវិទ្យាស្ថានខ្មែរជំនាន់ថ្មី និង បានឧបត្ថម្ភប្រចាំខែជាទៀងទាត់ មានអង្ករ ចំនួន ២តោន និង ថវិកា ចំនួន ៥លានរៀល៕