(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅមជ្ឈមណ្ឌលម៉ូឌែន ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

កម្មវិធីសំណេះសំណាលនេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ទូច សារ៉ុម សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌឫស្សីកែវ សមាជិការដ្ឋសភា មណ្ឌលភ្នំពេញ ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាល អភិបាលរងរាជធានីភ្នំពេញ និងលោក លោកស្រីសមាជិក សមាជិកាអង្គពិធីទាំងអស់ សរុបប្រមាណ៦៦០នាក់។

ក្នុងមតិស្វាគមន៍របស់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ប្រធានបទ អបអរសាទរខួបលើកទី១១២ នាឆ្នាំនេះ គឺមានបំណងបន្តរំលេចពីតម្លៃ នៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាសកម្មភាពចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេសក្នុងយុគសម័យឌីជីថលនេះ។

លោកបន្តថា ស្ត្រី និងក្មេងស្រីនាពេលបច្ចុប្បន្នមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការសិក្សាអប់រំ ការស្វែងរកប្រាក់ចំណូលជួយដល់សេដ្ឋកិច្ចគ្រួសារ ខណៈស្ត្រីមួយចំនួនកំពុងបម្រើការ ទាំងក្នុងវិស័យសាធារណៈ និងឯកជនក៏បានកើនឡើងជាលំដាប់។

លោកបានបន្ថែមថា ដើម្បីធ្វើការឆ្លើយតប ទៅលើប្រធានបទ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល គឺតម្រូវឱ្យទាំងអស់គ្នា មានការផ្លាស់ប្តូរទស្សនៈដែលមានលក្ខណៈប្រពៃណីហួសសម័យ ដោយប្រកាន់យកទស្សនៈ និងឥរិយាបថជាវិជ្ជមានស្របតាមការវិវត្តន៍របស់សង្គម ដោយទទួលស្គាល់ពីតួនាទីបច្ចុប្បន្ន និងនាពេលអនាគតរបស់ស្ត្រី ដែលមានចំនួនជាង៥០%នៃប្រជាពលរដ្ឋសរុប និងជាចលករដ៏សំខាន់ រួមចំណែកក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍
សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិប្រកបដោយចីរភាព។

ដោយឡែក សម្រាប់អាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវលើកជាអទិភាព អនុវត្តការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិកាសអំណោយផល និងឱកាសឲ្យស្ត្រី និងក្មេងស្រី បានបន្តចូលរួមយ៉ាងពេញលេញ អនុវត្តសិទ្ធិ ព្រមទាំងទទួលផលពីកិច្ចអភិវឌ្ឍនៅគ្រប់ជំនាន់ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍ ស្របតាមយុគសម័យឌីជីថល។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា ស្ត្រី ជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម ដោយពួកគាត់មានតួនាទីជាច្រើន ក្នុងគ្រួសារ ព្រមទាំងចូលរួមបម្រើការងារផ្សេងៗទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន ដោយនៅក្នុងផ្នែកខ្លះស្រ្តី អាចធ្វើបានល្អជាងបុរសផងដែរ។

លោកបានបន្តថា កន្លងមកសម្តេចតេជោ ហ៊ុន សែន តែងតែលើកទឹកចិត្តដល់គ្រប់ស្ថាប័នទាំងអស់ គឺនៅពេលដែលមានការតែងតាំងសូមឲ្យលើកកម្ពស់ការតែងតាំងស្ត្រី ឲ្យឈានបានដល់ ៣០ភាគរយ នៅតាមក្រសួងស្ថាប័ន និងមន្ទីរនានា។

លោកបន្ថែមថា បច្ចុប្បន្នស្ថាប័នព្រឹទ្ធសភាមានសមាជិក ៦២ រូប ក្នុងនោះមានស្ត្រី១២ រូប។ ចំណែកស្ថាប័នរដ្ឋសភា មានសមាជិក១២៥ រូប ក្នុងនោះស្ត្រីមានចំនួន២៦ រូប បើគិតជាភាគរយ មានចំនួនជិត ២១ភាគរយ ខណៈនៅតាមស្ថាប័នផ្សេងៗចំនួនស្ត្រីមានការកើនឡើងផងដែរ។

ជាចុងក្រោយ លោកបណ្ឌិតបានរំលេចថា នាពេលបច្ចុប្បន្នស្ត្រីកំពុងចូលរួមអភិវឌ្ឍសង្គមយ៉ាងសកម្មនៅតាមគ្រប់វិស័យទាំងអស់ និងជាតួអង្គមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ហើយលោកបានលើកទឹកចិត្តដល់ស្ត្រីខិតខំប្រឹងប្រែងបន្តទៀតក្នុងកិច្ចការចូលរួមជាមួយរដ្ឋាភិបាល ព្រមទាំងចូលរួមថែរក្សាសុខសន្តិភាពផងដែរ ដើម្បីទទួលបានការអភិវឌ្ឍទៅថ្ងៃខាងមុខ។

គួររំលឹកថា ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ស្រ្តីមួយចំនួននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ភាគច្រើនធ្វើការក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែជាភ័ព្វសំណាងសម្រាប់ស្ត្រីនៅកម្ពុជា បានទទួលអត្ថប្រយោជន៍ជាច្រើន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមជាច្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រី និងក្រុមជនងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនៃគ្រួសារក្រីក្រ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសាររងគ្រោះក្នុងកំឡុងប្រយុទ្ធ
ប្រឆាំងនឹងជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណាជាដើម៕