(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យស្ត្រីទាំងអស់គ្នាត្រូវ​រួមគ្នាថែរក្សាសមិទ្ធផលសន្តិភាព​ និងសមិទ្ធផល ​៧ មករា​ ដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះឱ្យបាន​ ដេីម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ​, ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលរបស់គណបក្សសម្រេចបាន, ត្រូវធ្វេីអំពេីល្អ​ និងបម្រេីសេវាសាធារណៈឱ្យបានល្អ​ជូនប្រជាពលរដ្ឋ និងមិនត្រូវសប្បាយនឹងសន្តិភាព​ ហេីយភ្លេចថែរក្សាសន្តិភាពនោះទេ​។

ការអំពាវនាវបែបនេះរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយស្រ្តី​ ជាថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ​នៅទូទាំងប្រទេស​ ដែលមានសមាជិកចូលរួមចំនួន​ ២៨៧នាក់​ និងអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅវិមាន ៧មករា នាររសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសំណាក់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានកោតសសើរដល់ស្រ្តីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ​ ដែលបានបំពេញការងារបានយ៉ាងល្អ និងទទួលបានគួរជាទីមោទនៈ​។ តាមរយៈ​ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ក៏ដូចជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ​ សង្កាត់អាណត្តិទី៥​ ដោយទទួលបានការគាទ្រំសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស​។ ជ័យជម្នះដ៏ត្រចះត្រចង់នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថាប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋានភូមិ ឃុំ សង្កាត់។​

ដោយឡែកនៅក្នុងថ្ងៃនេះផងដែរ​ ក៏មានវត្តមាន​របស់លោកស្រ្តីជាមេឃុំ​ ៥អាណតិ​ ចំនួន​៩រូប​ បានចូលរួមផងដែរ​។ តាមរយៈ​ការបំពេញការងារក្នុង​៥អាណត្តិនេះ ក៏បានបង្ហាញថា​ ស្រ្តីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាល​រួមមាន​ទី១៖ លោកស្រី​ ប្រាក់​ ម៉ាលី, ទី២៖ លោកស្រី​ តៅ​ មន្ថា​, ទី៣៖ លោកស្រី​ ប៉ែន​ អ៉ិន​, ទី៤៖​ លោកស្រី​ ទេព​ សោមុន្នី, ទី៥៖​ លោកស្រី​ ឮ​ ចិន្តា, ទី៦៖​ លោកស្រី​ ហៀង​ សុផល, ទី៧៖​ លោកស្រី​ សោម​ សុខុម, ទី៨៖​ លោកស្រី​ ឌុច​ ម៉ាលីន និងទី៩៖​ លោកស្រី​ តាំង​ គឹមឆេង។

លោកស្រីក៏បានឧបត្ថម្ភដល់​ ស្រ្តីចំនួន​ ១៨៨នាក់​ ជាប្រធានក្រុមប្រឹក្សាស្រុក​ អភិបាលស្រុក​ មេឃុំ​ ចៅសង្កាត់ក្នុងម្នាក់ៗទទួលបានថវិកា​ ១០ម៉ឺនរៀល​ និងក្រណាត់ប៉ាក់​ ១ដុំ​ ចំណែកឯស្រ្តី​ ៩៩នាក់ទៀត​ បានទទួលក្រណាត់ប៉ាក់១ដុំ​៕