(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមតេយ្យសហគមន៍០១ខ្នង មាន៣បន្ទប់ លើផ្ទៃដីទំហំ ២២ម៉ែត្រ គុណនឹង ៣៤ម៉ែត្រ នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាសមិទ្ធផលអប់រំថ្មី កើតចេញពីការចូលរួមគ្នារវាងរាជរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជន។

ពិធីនេះមានអ្នកចូលរួមជាមាតាបិតាសិស្សចំនួន ៣០០នាក់ គ្រូបង្រៀន ១១នាក់ និងសិស្សានុសិស្ស ១០០នាក់ផងដែរ។

បើតាមលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ បានថ្លែងថា ក្នុងនាមប្រជាពលរដ្ឋស្រុកបរិបូណ៌ ពិសេសអ្នកភូមិកណ្តាល ឃុំត្រពាំងចាន់ ថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ ដែលបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមធម៌ គុណភាព និងបរិយាបន្ន។

ក្នុងនាមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រជាជនកម្ពុជាទូទាំងប្រទេសទទួលបានសេរីភាព សន្តិសុខ សន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងជីវភាពល្អប្រសើរតាមរយៈផលនៃការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពនូវ «មនុស្ស ទឹក ភ្លើង ផ្លូវ» រួមគ្នាជាសសរស្តម្ភបន្តអភិវឌ្ឍក្នុងដំណើរឆ្ពោះទៅគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនា ឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកីបណ្ឌិត សឿ សុជាតា ក៏បានថ្លែងនូវអំណរគុណដល់វិស័យឯកជន សប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវកម្លាំងកាយចិត្ត ធនធាន ចូលរួមជាមួយរាជរដ្ឋាភិបាលជួយកសាង អភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលនូវធនធានមនុស្ស កសាងនូវអគារសិក្សា ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ សម្ភារសិក្សា។ល។ ឧបករណ៍បច្ចេកវិទ្យា សំដៅចូលរួមពង្រឹងគុណភាពសិក្សាដល់អ្នកអប់រំ និងសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនព្រមទាំងបានបានស្នើសុំឱ្យមាតាបិតា អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធជួយបញ្ជូនកូនចៅទៅសាលារៀន និងចូលរួមថែរក្សានូវសមិទ្ធផលនានាដែលបានរួមគ្នាកសាងឡើង និងចូលរួមអនុវត្តនៅគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងភូមិ ឃុំ សង្កាត់ សគ្មានគ្រឿងញៀន៕