(ទីម័រឡេស្តេ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំប្រតិភូអាកាសចរស៊ីវិលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសទីម័រឡេស្តេ (ទីម័រខាងកើត) ដើម្បីពង្រឹងកិច្ចសហប្រតបត្តិការ វិស័យអាកាសចរស៉ីវិលរវាងប្រទេសទាំងពីរ។

លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក៏ត្រូវអញ្ជើញជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីការហោះហើររវាងប្រទេសទាំង២ ជាមួយលោក Jose Agushinho Da Silva រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនង របស់ទីម័រឡេស្តេ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ នឹងត្រូវចូលជួបសំដែនការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសទីម័រឡេស្តេ ដូចជា៖ លោក Jose Ramos Horta ប្រធានាធិបតីទីម័រឡេស្តេ, លោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, លោក Xanana Gusmao អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទីម័រឡេស្តេ និងលោក Juliao Da Sila អនុរដ្ឋមន្ត្រីក្រសួងការបរទេសទីម័រឡេស្តេផងដែរ៕