(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារប្រគល់ផ្ទះមួយខ្នង និងម៉ូតូមួយគ្រឿងដល់ស្ត្រីមេម៉ាយម្នាក់ដែលមានកូនប្រុសស្រីចំនួន៦នាក់ រស់នៅក្នុងបន្ទុកស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់។

លោកអភិបាលក្រុងបាវិតបានថ្លែងអំណរគុណដល់សប្បុរសជននានាដែលតែងតែផ្តល់ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីយកមកចែកជូនដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាពក្នុងមូលដ្ឋានរបស់លោក ក៏ដូចជាពលរដ្ឋទីទ័លក្រផ្សេងទៀតផងដែរ ដោយមិនទុកឲ្យពួកគាត់រស់នៅក្នុងស្ថានភាពជួបការលំបាក ដោយពុំបានជួយដោះស្រាយនោះទេ។

លោកបន្តថា កន្លងមក ជនទីទ័លក្រ ចាស់ជរា ពិការ មិនថាតែប្រជាពលរដ្ឋ មួយគ្រួសារនេះទេ រដ្ឋបាលក្រុង សង្កាត់ សប្បុរសជននានា រួមនឹងខាងកាកបាទក្រហមកម្ពុជាក្រុង ក៏ធ្លាប់បានផ្តល់អំណោយជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការរបស់ពួកគាត់ទាំងអស់នោះឡើយ គឺជួយបានមួយគ្រាតែប៉ុណ្ណោះ។

លោកអភិបាលក្រុងក៏បានជំរុញដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ គឺបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាពនិងបន្តការអភិវឌ្ឍរីកចម្រើនជាបន្តទៅទៀតផងដែរ។

បើតាមលោក យស់ ឌី មេភូមិបាវិតកណ្ដាល សង្កាត់បាវិត បានឲ្យដឹងថា ស្ត្រីមេម៉ាយដែលទទួលបានផ្ទះមួយខ្នង រួមនឹងម៉ូតូមួយគ្រឿងនេះមានឈ្មោះ សួស សុខ អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមុខរបរ ជាអ្នកដើរលាងចាន និងបោកខោអាវឲ្យគេនៅតាមផ្ទះ ហើយសព្វថ្ងៃមានកូន៦នាក់រស់នៅក្នុងបន្ទុកបច្ចុប្បន្នកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅ។

លោកបន្តថា ដោយមើលឃើញនូវការលំបាកក្នុងគ្រួសារស្ត្រីខាងលើនេះ ជាគ្រួសារក្រីក្រ គ្មានទីជម្រក ទើបលោកបានខ្នះខ្នែងស្វែងរកសប្បុរសជននានា នៅក្នុងមូលដ្ឋាន ដើម្បីសង់ផ្ទះមួយខ្នងធ្វើអំពីស័ង្កសីមានទទឹង៤.១ម៉ែត្រ បណ្ដោយ៧.៨ម៉ែត្រ ព្រមទាំងម៉ូតូមួយគ្រឿង ដើម្បីជួយផ្គត់ផ្គង់ដល់គ្រួសារស្ត្រី ខាងលើ ដើម្បីមានទីជម្រករស់នៅបានសមរម្យ និងមានមធ្យោបាយសម្រាប់ធ្វើដំណើរ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតបានងាយស្រួលទៅថ្ងៃក្រោយ ដែលចំណាយថវិកាសរុបអស់ប្រមាណជាង១ពាន់ដុល្លារសហរដ្ឋអាមេរិក៕