(ស្វាយរៀង)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ បានចុះពិនិត្យរៀបចំទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ៣០០ហិកតា នៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដេីម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី គ្រួសារមរណៈ និងគ្រួសារទីទល់ក្រ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា ផ្លូវ ទឹកស្អាតសម្រាប់ប្រេីប្រាស់ ភ្លេីងអគ្គិសនីជាដេីម មកកាន់តំបន់នេះ ក្នុងនោះការសាងសង់សំណង់លំនៅដ្ឋានត្រូវធានានូវគុណភាពតាមលក្ខណៈបច្ចេកទេស។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដែលតែងតែគិតគូរ និងយកចិត្តខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាល និវត្តជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យ និងមានជីវភាពល្អប្រសេី៕