(ប៉ៃលិន)៖ ខេត្តប៉ៃលិនបានត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដោយនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជាតិខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មីនាពេលខាងមុខនេះ។

លោកស្រីបានបញ្ជាក់ថា កម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះគឺដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័កព.ស ២៥៦៧ គ.ស ២០២៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងអង្គរសង្ក្រាន្ត និងថ្នាក់ដឹកនាំខេត្តរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយបានអធិកអធមសម្រាប់ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយតាមខេត្តរៀងៗខ្លួន ដូច្នេះរដ្ឋបាលខេត្តប៉ៃលិននឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដូចជា បរិវេណវិមានឯករាជ្យ និងដងស្ទឹងតារាប។

លោកអភិបាលខេត្តបានណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទត្រូវសហការគ្នាត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេសការរៀបចំស្តង់តាំងពិព័ណ៌តាមមន្ទីរអង្គភាព ការតុបតែងលម្អភ្លើងពណ៌នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត ជាពិសេសតំបន់ទេសចរណ៍សំខាន់ៗ រួមមាន ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងតារាប និង ផ្សារព្រំជាដើម។

លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានអនុវត្តវិធានការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានដោយជោគជ័យដែលធ្វើឱ្យស្ថានភាពប្រទេសមកល្អប្រសើឡើងវិញ ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំនេះ អាចមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅខេត្តប៉ៃលិនច្រើន ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយសមត្ថកិច្ចទាំង៣ប្រភេទ ធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អគ្រប់គោលដៅ ជាពិសេសតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋាននានា និងកន្លែងប្រមូលផ្តុំមនុស្សច្រើនផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ គ.ស ២០២៣នេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានទេពធីតា ព្រះនាមកិមិរាទេវី ជាបុត្រីទី៦របស់កបិលមហាព្រហ្ម៕