(ភ្នំពេញ)៖ ក្រោយសវនាការជិត៣ម៉ោងរួចមក សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងសុំមោឃភាពនីតិវិធី របស់ក្រុមមេធាវី៥រូប ការពារក្ដីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ មេធាវីមួយរូបបញ្ជាក់ថា ពួកគេនឹងពិភាក្សាជាមួយកូនក្តី ដើម្បីប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត។
លោក ហែម សុជាតិ មេធាវីមួយរូបថ្លែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងសុំមោឃភាព នីតិវិធីរបស់ក្រុមមេធាវី រួចបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តកិច្ចស៊ើបសួរ ។
មូលហេតុនៃការសម្រេចច្រានចោលនេះ ត្រូវបានលោកមេធាវី ហែម សុជាតិ បញ្ជាក់ថា ការដែលក្រុមមេធាវីលើកឡើងពីមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និង មាត្រា៧ មាត្រា៩ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រនោះ គឺសភាស៊ើបសួរសាលាឧទ្ធរណ៍ គ្មានមូលភាព និងសមត្ថកិច្ច ពិចារណានោះទេ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពុំបានបង្ហាញវត្តមាននោះទេ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ស្របពេលដែលសភាស៊ើបសួរសាលាឧទ្ធរណ៍ ចាប់ផ្ដើមសវនាការចំពោះបទល្មើសបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។ ប៉ុន្តែទោះបីយ៉ាងណា មេធាវីរបស់លោក កឹម សុខា បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី។
មន្ត្រីសាលាឧទ្ធរណ៍បញ្ជាក់ថា សវនាការនេះ ដឹកនាំដោយលោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន អ៉ីម លោក សួស សំអាត ជាសមាជិក និង លោក ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
ជាមួយគ្នានេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បាន ផ្ញើរបាយការណ៍៣ទំព័រជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទងនឹងការចោទប្រកាន់លើ លោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម៕