(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានក្រើនរំលឹកបេក្ខជន បេក្ខនារីប្រលងចូលទាហាន ត្រូវប្រើប្រាស់ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន មិនត្រូវរំពឹងលើការអន្តរាគមន៍ ឬអាងឪពុកម្តាយនោះឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងឱកាសចុះពិនិត្យ និងកាត់វិញ្ញសាប្រលងជ្រើសរើសនាយទាហានជំនាន់ថ្មី ឆ្នាំ២០២៣ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រកួតប្រជែង លោក ហ៊ុន ម៉ាណែត បានរំលឹកពីលក្ខខណ្ឌ ភាពសុក្រឹតត្រឹមត្រូវ និងតម្លាភាពលើការប្រលង។ លោក ក៏បានណែនាំឱ្យបេក្ខជន និងបេក្ខនារីទាំងអស់ប្រើប្រាស់សមត្ថភាព និងជឿជាក់លើសមត្ថភាពចំណេះដឹងរបស់ខ្លួន ដោយមិនត្រូវរំពឹងលើកិច្ចអន្តរាគមន៍ណាមួយនោះឡើយ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ «ត្រូវជឿទុកចិត្តលើខ្លួនឯង កុំទុកចិត្ត កុំពឹងផ្អែកលើអ្នកដទៃ កុំពឹងអ្នកជិតខាងយើងចែករំលែក កុំពឹងលើការយកប្រ៊ីយ៉ុងចូល។ កុំពឹងលើអ្នកដទៃ ឪពុកម្តាយ អ៊ុំពូមីង បងប្អូនទៅអន្តរាគមន៍ កុំពឹងលើថវិកាទៅសូកគេ ទុកចិត្តលើខ្លួនឯងខ្លះទៅ»។
លោកបន្តថា «រៀនទុកចិត្តលើសមត្ថភាពខ្លួនឯង។ ពេលប្អូនជាប់ ជាប់ដោយមោទនភាព បើប្អូនអត់ជាប់ទេ ប្អូនបានអស់ចិត្តថា ប្អូនបានខិតខំអស់ហើយ»។
លោក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ ប្រឹងប្រែងផ្ចិតផ្ចង់ឆ្លើយឱ្យបានត្រឹមត្រូវលើវិញ្ញាសា ដែលបានដាក់ជូន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិ បានបើកសម័យប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ ការប្រលងនេះមានបេក្ខជនសរុប ៦,៣៩៩នាក់ ក្នុងនោះមានបេក្ខនារីចំនួន ២,៩៩៨នាក់ បានចូលរួមប្រឡងប្រជែងនៅតាមមណ្ឌលចំនួន៤ ក្នុងរាជធានីភ្នំពេញ។
បេក្ខជននឹងចូលរួមប្រឡងប្រជែងចំនួន៤វគ្គរួមមានទី១៖ វគ្គនាយទាហានសកម្មជំនាន់ទី២៥, ទី២៖ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣, ទី៣៖ វគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងទី៤៖ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា។
ការប្រលងនេះ នឹងត្រូវប្រលងលើវិញ្ញាសាកាយសម្បទា ចំណេះដឹងទូទៅ និងភាសាអង់គ្លេស។ ការប្រលងឆ្នាំនេះ គណៈកម្មការបានកំណត់យកនាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន១៥០នាក់, នាយទាហានជំនាញបច្ចេកទេសយោធាចំនួន ៣០នាក់៕