(បាត់ដំបង)៖ លោកបណ្ឌិត ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានជំរុញទៅអាជ្ញាធរឃុំព្រះផុស ត្រូវពង្រឹងផែនការអភិវឌ្ឍភូមិ-ឃុំ ដើម្បីអភិឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ការជំរុញបែបនេះ របស់លោកបណ្ឌិត ស្រេង វង្សហៀង បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសសមាសភាពក្រុមការងារគណបក្ស ចុះជួយភូមិទាំង៩ ក្នុងឃុំព្រះផុស នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

ពិធីនេះក៏មានការចូលរួមពីលោកស្រី សុត សុវណ្ណដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រះផុស ព្រមទាំងដឹកនាំចុះមូលដ្ឋាន និងសមាជិក សមាជិកគណបក្សមូលដ្ឋានយ៉ាងច្រើនផងដែរ។

នាឱកាសនោះលោកបណ្ឌិត ស្រេង វង្សហៀង បានថ្លែងថា អាជ្ញាធរឃុំ ត្រូវបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រួមទាំងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅ ពិសេសត្រូវទប់ស្កាត់ឱ្យបាននូវបទល្មើសផ្សេងៗ មានល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន និងចោរកម្មជាដើម។

លោកបណ្ឌិត ក៏បានណែនាំដល់ណែនាំដល់អាជ្ញាធរ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ឱ្យបានរួចរាល់ ដើម្បីមានសិទ្ធិបោះឆ្នោតសកល នៅខែកក្កដា ឆ្នាំ២០២៣ខាងនេះ៕