(ភ្នំពេញ)៖ លោក LAU LAI SOON TERENCE ជនជាតិសិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0925460B ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹងជនជាតិខ្មែរម្នាក់ឈ្មោះ មីន ឆាយា ពាក់ព័ន្ធនឹងការរំលោភលើទំនុកចិត្ត នូវទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ។

នេះបើតាមពាក្យបណ្តឹង ដែលដាក់ជូនលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដា្ឋននគរបាលព្រហ្មទណ្ឌ ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។ តាមពាក្យបណ្តឹងនោះ លោក LAU LAI SOON TERENCE បានប្ដឹងពីឈ្មោះ មីន ឆាយា ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ: N01908668 និងមានលេខទូរសព្ទលេខ ០៩២ ៧៨៩ ៧០៨ ស្នាក់នៅផ្ទះលេខ៤៥ សង្កាត់សាមគ្គី ខណ្ឌឬស្សីកែវ ភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» លើទឹកប្រាក់ ៦៧,៥០០ដុល្លារ (ប្រាំមួយម៉ឺនប្រាំពីរពាន់ប្រាំរយដុល្លារអាមេរិក)។

លោក LAU LAI SOON TERENCE បានឲ្យដឹងថាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកបានធ្វើកិច្ចព្រមព្រៀងជាមួយ លោក មីន ឆាយា ស្តីពីការទិញដូរផលិតផលម៉ាស់(masks) ដែលមានទំហំជាសាច់ប្រាក់ចំនួន ៦៧,៥០០ដុល្លារ (ប្រាំមួយម៉ឺន ប្រាំពីរពាន់ប្រាំរយដុល្លារអាមេរិក)។ ក្រោយពីចុះកិច្ចព្រមព្រៀងឯកភាពជាផ្លូវការហើយ លោក(អ្នកទិញ)បានអនុវត្ត កាតព្វកិច្ចពេញលេញស្របតាមច្បាប់ដោយបានបង់ថវិកាគ្រប់ចំនួន(៦៧,៥០០ដុល្លារអាមេរិក) ចំណែកភាគីលោក មីន ឆាយា(អ្នកលក់) មិនបានអនុវត្តនកាតព្វកិច្ចនោះទេ(មិនផ្តល់ម៉ាស់) ហើយថែមទាំងព្យាយាមក្លែងបន្លំ ឯកសារទិញលក់មួយចំនួនថែមទៀត ដែលនេះស្តែងចេញនូវការមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា រហូតមកដល់ពេលនេះ លោកជាភាគីរងគ្រោះព្យាយាមសម្របសម្រួលជាច្រើនដងជាមួយលោក មីន ឆាយា តែមិនទទួលបានលទ្ធផលវិជ្ជមាននោះទេទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងនាពេលនេះ៕