(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានលើកឡើងថា សម្រាប់ការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣នេះ គឺមានសន្ទុះចូលរួមយ៉ាងខ្លាំងពីសំណាក់យុវជន យុវនារី រហូត ៦,៣៩៩នាក់ ការស្ម័គ្រចិត្តចូលរួមប្រឡងប្រជែងក្របខ័ណ្ឌនាយទាហាននេះ គឺបានបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានឱ្យដឹងថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣នេះ គឺបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត បានមកដាក់ពាក្យប្រឡងចូលជាកងយោធពលខេមរភូមិន្ទ មានការកើនឡើងជាងបណ្តាឆ្នាំកន្លងទៅ បើទោះបីការជ្រើសរើសនេះ មានការអាក់ខានអស់រយៈពេល ៣ឆ្នាំកន្លងមកក្តី ដោយសារវិបត្តិជាសកលនៃជម្ងឺឆ្លងកូវីដ១៩។

នៅក្នុងពិធីបើកការប្រឡង ក្រោមអធិបីតភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានបញ្ជាក់ថា «យើងបានខកខានការប្រឡងរយៈពេល២ឆ្នាំ ឆ្នាំនេះយើងឃើញថា ក្មួយៗគឺមានសន្ទុះដាក់ពាក្យប្រឡង និងមានការចាប់អារម្មណ៍ច្រើនចំពោះវិស័យការពារជាតិ នេះសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេជោ ហ៊ុន សែន បានធ្វើឱ្យយុវជនចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យការពារជាតិ»

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានគូសបញ្ជាក់ថា ចំនួនយុវជន យុវនារីដ៏ច្រើនដែលបានស្ម័គ្រចិត្តចូលរួមប្រឡងប្រជែងក្នុងក្របខ័ណ្ឌនាយទាហាននេះ គឺពួកគាត់ទាំងអស់គ្នាបានទុកចិត្តយ៉ាងខ្លាំងលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ឯក បានបន្តថា «ការដាក់ពាក្យប្រឡងចូលបម្រើក្នុងវិស័យកងទ័ព នៅឆ្នាំ២០២៣ មានសន្ទុះកើនឡើងច្រើន បើធៀបនឹងការជ្រើសរើសឆ្នាំមុនៗ ព្រោះការទទួលពាក្យត្រឹមតែរយៈពេល ១៥ថ្ងៃ មានរហូតដល់ជាង ៦ពាន់នាក់ ខណៈកាលពីឆ្នាំ២០១៩ ទទួលពាក្យ១ខែ មានត្រឹមជាង ៨ពាន់នាក់»។

នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ថាបន្ថែមសម្រាប់ដំណើរការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីនេះ គឺមានភាពសុក្រឹត តម្លាភាព គ្មានកិច្ចអន្តរាគមន៍ ទោះបីគ្មានក្រុមសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មកចូលរួមសង្កេតការណ៍ ដោយស្ថិតក្នុងទិសស្លោក «អ្នកចេះ គឺជាប់»។ ប្រសិនបើរកឃើញថាមានបុគ្គលណាអន្តរាគមន៍នោះបេក្ខជននោះនឹងមិនត្រូវកែសំណេរវិញ្ញាសានោះឡើយ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានបន្ថែមថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នេះ ត្រូវចំណាយពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ មានចំនួន៤ មណ្ឌលប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស និងមួយមណ្ឌលសម្រាប់ការប្រឡងកីឡា កាយសម្បទា នៅក្នុងរាជធានីភ្នំពេញ។ ដោយខុសប្លែកពីឆ្នាំកន្លងៗទៅ យើងមានមណ្ឌលប្រឡងនៅតាមបណ្ដាខេត្ត និងយោធភូមិភាគផ្សេងទៀតចំនួន៤។

«ក្មួយៗទាំងអស់គាត់យល់ឃើញថា វិស័យការពារជាតិនេះ គឺជាកត្តាអាទិភាពសម្រាប់ជាតិរបស់យើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសមានសន្តិភាព​ កិច្ចការពារជាតិ ត្រូវតែអាទិភាព ដើម្បីការពារជាតិឱ្យបានគង់វង្ស នេះជាទស្សនដែលខ្ញុំបានយល់ឃើញ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឧត្តមសេនីយ៍ឯក ប៊ុត ភាព។

សម្រាប់ពិធីបើកសម័យប្រឡងនេះបានធ្វើឡើង២មណ្ឌលគឺនៅមណ្ឌលប្រឡវវិទ្យាល័យ ជា ស៉ី សន្ធរម៉ុក ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ, និងទី២៖ មណ្ឌលវិទ្យាល័យបាក់ទូក ប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើស។

សូមរំលឹកថា គណៈកម្មការបានកំណត់យកនាយទាហានសកម្មជំនាន់ទី២៥ចំនួន ១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន១៥០នាក់, នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន៣០នាក់៕