(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ បានបន្ដដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការដ្ឋានសំណង់នានានៅតំបន់ប្រវត្តិសាស្ដ្រយោធា កោះថ្ម X16 ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា សំណង់ដែលកន្លងទៅបានកសាងរួចរាល់ដូចជា សាលាដំណាក់ អគារវេទិកា បន្ទប់អនាម័យ តារាងបាល់ទាត់ ស្រះទឹក ផ្លូវ ប្រព័ន្ធលូ បង្គោលភ្លើង បណ្ដាញអគ្គិសនី ដាំដើមឈើ ។ល។ កំពុងបន្តសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម អាគាររដ្ឋបាល អគារស្នាក់នៅ បន្ទប់អនាម័យ ប្រាង្គប្រសាទព្រះអង្គគោកធ្លក ផ្លូវក្រាលកៅស៊ូក៏កំពុងសាងសង់ជិតរួចរាល់ផងដែរ។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕