(ភ្នំពេញ)៖ យុវជនខ្មែរក្រោមដើម្បការរួបរួម បានសម្តែងការគាំទ្រជាខ្លាំងចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក កឹម សុខា។ ពួកគេចាត់ទុកនេះ ជាដំណើរការនៃការអនុវត្តន៍ច្បាប់ ហើយក៏ជាការចាត់វិធានការមួយ ដើម្បីទប់ស្កាត់ចលនាបដិវត្តន៍ពណ៌នាំដល់មហន្តរាយនៅកម្ពុជា។
លោក សឿង សុធានី ប្រធានក្រុមយុវជនខ្មែរក្រោមដើម្បីការរួបរួម បានគូសរំលេចថា «ជឿជាក់លើតុលាការកាត់ទោសប្រកបទៅដោយអង្គហេតុ និងអង្គច្បាប់ច្បាស់»។
លោក សឿង សុធានី បានគូសបញ្ជាក់ផងដែរថា ការចាត់វិធានការច្បាប់របស់អាជ្ញាធរ និងតុលាការកម្ពុជាលើលោក កឹម សុខា គឺជាការទប់ស្កាត់នូវទង្វើក្បត់ជាតិ ក៏ដូចជាចលនាបដិវត្តន៍ពណ៌ ដែលនឹងនាំដល់មហន្តរាយសម្រាប់កម្ពុជា។
«ដោយគុណបំណាច់របស់រាជរដ្ឋាភិបាល ខិតខំពេញទំហឹងទើបរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ បើសិនមានបដិវត្តន៍ពណ៌កើតឡើងម្តងទៀត ប្រទេសជាតិនឹងរងនូវគ្រោះមហន្តរាយជាថ្មី»។ នេះជាការលើកឡើងរបស់លោក សឿង សុធានី។
លោក សុធានី បានអំពាវនាវដល់យុវជនខ្មែរនៅគ្រប់ទិសទីចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីរក្សាការអភិវឌ្ឍន៍ និងសន្តិភាព។
សូមបញ្ជាក់ថា បន្ទាប់ពីដំណើរការជំនំុជម្រះក្តីអស់រយៈពេលជាង ៥ឆ្នាំ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣នេះហើយ។
លោក កឹម សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោកក៏ត្រូវបានផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ក៏ត្រូវបានហាមមិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។
សាលក្រមផ្តន្ទាទោសលើលោក កឹម សុខា មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋាន៕