(កំពង់ចាម)៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ទទួលបានអំណោយមនុស្សធម៌ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អំណោយនេះត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋតាមរយៈលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយសមាជិក សមាជិកាគណ:កម្មាធិការសាខា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត លោក ទូច ឆៃ បានឲ្យដឹងថា ជនងាយរងគ្រោះទាំងនោះ រួមមាន ចាស់ជរាគ្មានទីពឹង១៥គ្រួសារ ជនមានពិការភាព១៨គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ២២គ្រួសារ មានជំងឺប្រចាំកាយ៣ គ្រួសារ និងទ័លលំបាក១៧គ្រួសារ។

ដោយភ្ជាប់ជាមួយក្តីកង្វល់ និងបណ្តាំផ្ញើសួរសុខទុក្ខពីលោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេសពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត។

លោក អ៊ុន ចាន់ដា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង៧៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គ.ក្រ ទឹកត្រី១យួរ មជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង សាប៊ូ៤ដុំ ឃីត១កញ្ចប់ អាវយឺត៤  ម៉ាស់១០បន្ទះ និងថវិកា៥០,០០០រៀល៕