(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានក្រើនរំឮកដល់យុវជនជាសមាជិក សមាជិកាគណបក្សសូមបន្តតណែនាំដល់មិត្តភ័ក្រ្ត សាច់ញាតិ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់យុវជន។

ការក្រើនរំឮកបែបនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារបើកសន្និបាតបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអំពាវនាវដល់យុវជន ជាសមាជិកគណបក្សទាំងអស់ ត្រូវត្រៀមខ្លួនជាស្រេចចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីដណ្តើមយកប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា នាដំណាក់កាលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីថ្នាក់ដឹកនាំកំពូលរបស់បក្ស អរគុណនិងកោតសរសើរដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សថ្នាក់ សមាជិកគណបក្ស អាជ្ញាធរដែនដីគ្រប់ថ្នាក់ វិស័យសាសនា វិស័យឯកជន អង្គការមហាជន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធសប្បុរសជនជនរួមជាតិទាំងអស់ នៃខេត្តបន្ទាយមានជ័យ ដែលតែងតែជឿជាក់ និងគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់នីតិកាលនៃការបោះឆ្នោត ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពរបស់ក្មួយៗជាថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តសមាជិកទទួលខុសត្រូវតាមផែនទាំងអស់។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា ស្របពេលដែលកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍចលនាយុវជនកម្ពុជា បានបោះជំហានយ៉ាងស្វាហាប់ និងបានបំពេញភារកិច្ចដើម្បីជាតិមាតុភូមិ និងប្រជាជនបានកាន់តែទូលំទូលាយ បើកចំហរឱកាសកាន់តែទូលំទូលាយថែមទៀតដល់យុវជនកម្ពុជាក្នុងការប្រើសិទ្ធិ សេរីភាពរបស់ខ្លួនស្របតាមគន្លងនីតិរដ្ឋ ការអប់រំ កីឡា វិជ្ជាជីវៈ សង្គម មនុស្សធម៌ សិល្បៈ ជំនាញ ព្រមទាំងមានមនសិការស្នេហាជាតិ មានសីលធម៌ និងគុណធម៌ប្រកបដោយស្មារតីសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាជនមានឱកាសបញ្ចេញនូវសមត្ថភាពរបស់ខ្លួនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ចូលរួមកសាងជាតិមាតុភូមិ និងបានអភិវឌ្ឍខ្លួនក្លាយជាអ្នកបន្តវេននៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាទ្រនាប់ដៃ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភដល់យុវជនចូលរួមសរុបចំនួន ៩៧២នាក់ ម្នាក់សារុង១ និងថវិកា ៥ម៉ឺនរៀល, អង្គការចាត់តាំងយុវជនភូមិ ៦៦៦ភូមិ ក្នុង១ភូមិថវិកា១០ម៉ឺនរៀល, អង្គការចាត់តាំងយុវជនគណបក្សឃុំ-សង្កាត់ ៦៧ឃុំ-សង្កាត់ ក្នុង១ឃុំឥ-សង្កាត់ទទួលបានថវិកា ១លានរៀល និងអ្នកពាក់ព័ន្ធក្នុងកម្មវិធីមួយចំនូនទៀត ថវិកា ៤លាន ៦ម៉ឺនរៀល៕