(ភ្នំពេញ)៖ សហភាពសហជីព និងសហព័ន្ធសហជីពចំនួន៧ ដែលមានសមាជិក​រាប់ម៉ឺននាក់ បានរួមគ្នាចេញញត្តិគាំទ្រសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក កឹម សុខា ដែលបានប្រព្រឹត្តទង្វើក្បត់ជាតិ។

សហភាពសហជីព និងសហព័ន្ធសហជីពទាំង៧ ដែលបានចេញញត្តិគាំទ្រសាលក្រម​ផ្តន្ទា​ទោស លោក កឹម សុខា នេះ រួមមាន៖ សហភាពសហជីពការងារកម្មករកម្ពុជា, សហ​ព័ន្ធសហជីពការងារកម្មករកម្ពុជាដើម្បីសេរីភាព, សហព័ន្ធសហជីពការងារ​កម្មក​រ​កម្ពុជា​ដើម្បីសន្តិភាព, សហព័ន្ធសហជីពការងារកម្មករកម្ពុជាដើម្បីយុត្តិធម៌, សហ​ព័ន្ធ​សហ​ជីព​អភិវឌ្ឍន៍​ការងារយុវជន, សហព័ន្ធសហជីពការងារយុវជនជឿនលឿន និងសហព័ន្ធ​សហជីពការងារកម្មករកម្ពុជាដើម្បីអភិវឌ្ឍន៍។

ក្នុងញត្តិគាំទ្រនេះសហភាពសហជីព និងសហព័ន្ធសហជីពទាំង៧ បានគូសរំលេច​ថា ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងលោក កឹម សុខា ហើយបានឃើញថា ជនជាប់ចោទរូបនេះបានប្រើប្រាស់ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយបើប្រាស់កម្លាំងមហាជន ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស គឺជាអំពើគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខប្រទេស ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។

សហភាពសហជីព និងសហព័ន្ធសហជីពទាំង៧ បានលើកឡើងថា សាលក្រមអយ្យ​ការ​អមសាលាដំបូង រាជធានីភ្នំពេញ នាពេលនេះ ជាការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់​តាមរយៈការផ្តន្ទទោសចំពោះករណីខាងលើនេះ គឺពិតជាបានចូលរួមចំណែក​យ៉ាង​សំខាន់ក្នុងការធានាថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយ​នេះ ក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមាន​ឧត្តមគតិស្រលាញ់ជាតិស្មោះត្រង់និងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិន​ត្រូវ​បណ្តែតបណ្តោយខ្លួនឱ្យក្លាយជាភ្នាក់ងារបមើឱ្យបរទេស ដើម្បីតែផលប្រយោជន៍​ឬមហិច្ចតាអំណាចផ្ទាល់ខ្លួន។

សហភាពសហជីព និងសហព័ន្ធសហជីពទាំង៧ ប្រកាសគាំទ្រដល់កិច្ចដំណើរការ​នៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារ​ដោយ​រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយរបស់កម្ពុជា ហើយប្រឆាំងដាច់ខាត​រាល់​ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាព​សុខសាន្តរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីដំណើរការជំនំុជម្រះក្តីអស់រយៈពេលជាង ៥ឆ្នាំ សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ត្រូវបានប្រកាសសាលក្រមកាលព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣​។

លោក កឹម សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ​កំណត់​រយៈពេល ២៧ឆ្នាំ ពីបទ​សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នា​ជាមួយ​បរទេស ប្រព្រឹត្តនៅប្រទេស​កម្ពុជា និងទីកន្លែងផ្សេងទៀត​កាលពីអំឡុង​ឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស​តាម​បញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

លោកក៏ត្រូវបានផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរ​នូវ​សិ​ទ្ធិ​បោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ​ផ្សេង​ទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។

លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ​៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញា​នៃអយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ។

លោក ក៏ត្រូវបានហាមមិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញានអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។

សាលក្រមផ្តន្ទាទោសលើលោក កឹម សុខា មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋាន៕