(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរៈភូមិន្ទ និងជាអនុប្រធានគណៈកម្មការជ្រើសរើស ត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេស ក្រសួងការពារជាតិការ បានបញ្ជាក់ថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺជាការជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព សុក្រិត្យ និងយុត្តិធម៌ ដោយគ្មានការអន្តរាគមន៍។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍បានអញ្ជើញចុះពិនិត្យមើលទិដ្ឋភាពផ្ទាល់ និងកាត់កញ្ចប់វិញ្ញាសា នៃការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ, វគ្គនាយទាហានសកម្មជំនាន់ទី២៥, វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣, វគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងវគ្គនាយទាហានបច្ចេកទេសយោធា ឆ្នាំ២០២៣នេះ ទាំងបួនមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ នៅមណ្ឌលប្រឡងនៃវិទ្យាល័យ និងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេបូ៉ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានថ្លែងថា ឆ្នាំនេះក៏ជាឆ្នាំដែលកងយោធពលខេមរភូមិន្ទមានមោទនភាព ដែលមានប្អូនៗជាយុវជន យុវនារី ជាសិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ និងមានមនសិការស្នេហាជាតិ ហើយបានស្ម័គ្រចិត្តមកដាក់ពាក្យប្រឡងចូលជានាយទាហាននៃកងយោធពលខេមរមិន្ទ។ សម្រាប់ឆ្នាំ២០២៣នេះ មានសិស្ស និស្សិតទាំងពីរភេទ មកដាក់ពាក្យប្រឡងចំនួន ៦,៣៩៩នាក់ បេក្ខនារីចំនួន ២,៩៩៨នាក់ ក្នុងនោះមានបេក្ខជនបេក្ខនារី ដាក់ពាក្យចូលប្រឡង ចូលជានាយទាហានសកម្ម ចំនួន ១,៧១០នាក់,នាយទាហានទ័ពជើងគោក ចំនួន ២,៦៣៦នាក់,នាយទាហានបន្តវេនចំនួន ១,៨៣១នាក់, និងនាយទាហានបច្ចេកទេសយោធាចំនួន ២២២នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣នេះ ត្រូវចំណាយពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៣ ដែលរួមមាន៤ មណ្ឌលប្រឡងចំណេះដឹងទូទៅ និងភាសាបរទេស និងមួយមណ្ឌលសម្រាប់ការប្រឡងកីឡា កាយសម្បទា នៅក្នុងរាជធានីភ្នំពេញ។ ដោយខុសប្លែកពីឆ្នាំកន្លងៗទៅ យើងមានមណ្ឌលប្រឡងនៅតាមបណ្ដាខេត្ត និងយោធភូមិភាគផ្សេងទៀតចំនួន៤។ ដោយផ្ដោតទៅលើវិញ្ញាសា ចំណេះដឹងទូទៅ និងភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំ២០២៣នេះ មានចំនួនបេក្ខជនទាំងពីរភេទ មកដាក់ពាក្យប្រលងកើនឡើង បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ដែលកម្ពុជា និងពិភពលោកទាំងមូលមិនទាន់ជួបនូវបញ្ហាប្រឈមជាសកលនៃរោគរាតត្បាតជំងឺឆ្លងកូវីដ១៩។ ការកើនឡើងនេះ គឺមកពីកត្តាដែលយើងខកខានក្នុងការងារជ្រើសរើសអស់រយៈពេលបីឆ្នាំកន្លងមក ដោយសារវិបត្តិនៃបញ្ហាប្រឈមជំងឺឆ្លងជាសកលកូវីដ១៩។

ទន្ទឹមគ្នានេះដែរ នាតឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សុក្រឹត្យ តម្លាភាព និងមានភាពយុត្តិធម៌។ បានន័យថា អ្នកដែលជោគជ័យក្រោយការប្រឡងទាំងវិញ្ញាសាចំណេះដឹងទូទៅ និងភាសាបរទេស រួមនឹងវិញ្ញាសាកីឡាកាយសម្បទា គឺជាប់ដោយសមត្ថភាពផ្ទាល់ ហើយចំពោះអ្នកដែលប្រឡងមិនជាប់ គឺអស់ចិត្តដោយខ្លួនឯង។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ក្នុងចំណោមបេក្ខជនទាំងពីរភេទចូលមកប្រឡងទាំង ៦,៣៩៩នាក់ គណៈកម្មការជ្រើសរើស ត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាមមកបណ្ដុះបណ្ដាលនៅក្នុង និងក្រៅប្រទេសរបស់ក្រសួងការពារជាតិ សម្រេចជ្រើសរើសយកនាយទាហានសកម្មចំនួន ១០០នាក់, វគ្គនាយទាហានទ័ពជើងគោកចំនួន ១០០នាក់, វគ្គនាយទាហានបន្តវេនចំនួន ១៥០នាក់ និងវគ្គនាយទាហានបច្ចេកទេសយោធាចំនួន ៣០នាក់។

ពាក់ព័ន្ធដល់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ តាមមណ្ឌលប្រឡងទាំងបួនមណ្ឌល ក្នុងរាជធានីភ្នំពេញនាឆ្នាំនេះ បានដំណើរការទៅដោយរលូន និងមិនមានបញ្ហាអ្វីទាំងអស់ ដោយមានការចូលរួមសហការដ៏ល្អ ពីគ្រប់មជ្ឈដ្ឋានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជួយសម្រួល៕