(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ស្អែក ក្រសួងការពារជាតិ បានបើកសម័យប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣, ដែលមានបេក្ខជនចំនួន ៦,៣៩៩នាក់ ក្នុងនោះមានបេក្ខជនជានារីចំនួន ២,៩៩៨នាក់ បានចូលរួមប្រឡងប្រជែងនៅតាមមណ្ឌលចំនួន៤ ក្នុងរាជធានីភ្នំពេញ។

បើតាមឧត្តមសេនីយ៍ឯក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ថា សម្រាប់បេក្ខជនទាំងនោះនឹងចូលរួមប្រឡងប្រជែងចំនួន៤វគ្គរួមមានទី១៖ វគ្គនាយទាហានសកម្មជំនាន់ទី២៥, ទី២៖ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣, ទី៣៖ វគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងទី៤៖ វគ្គនាយទាហានជំនាញបច្ចេកទេសយោធា។ ការប្រឡងប្រជែងជ្រើសរើស តាមកម្រិតសមត្ថភាពរបស់បេក្ខជន ដើម្បីជ្រើសរើសអ្នកដែលមាន កាយសម្បទាមាំមួន មានចំណេះដឹងទូទៅ និងភាសាអង់គ្លេស សម្រាប់ការចូលបំពេញកម្មសិក្សានាយទាហាន នៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានឱ្យដឹងថា សម្រាប់មណ្ឌលប្រឡងរួមមានទី១៖ មណ្ឌលប្រឡងវិទ្យាល័យ ជា ស៉ីម សន្ធរមុខ, បឋមសិក្សាសន្ធរមុខ (ប្រឡងវគ្គនាយទាហានសកម្មជំនាន់ទី២៥), ទី២៖ មណ្ឌលប្រឡងវិទ្យាល័យ និងឋមសិក្សាបាក់ទូក (្រឡងវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣), ទី៣៖ មណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី និងមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (វគ្គនាយទាហានបន្តវេនជំនាន់ទី១៤) និង៤៖ មណ្ឌលប្រឡងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (សម្រាប់វគ្គនាយទាហានបច្ចេកទេសយោធា)។

ឧត្តមសេនីយ៍ឯក ប៊ុត ភាព បានគូសបញ្ជាក់ថា សម្រាប់កម្មវិធីប្រឡងវិញ្ញាសារកាយសម្បទា និងកីឡា នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់វគ្គនាយទាហានសកម្មជំនាន់ទី២៥, ថ្ងៃទី៧ ខែមីនា សម្រាប់ប្រឡងនាយទាហានទ័ពជើងគោកជំនាន់ទី១៣ និងថ្ងៃទី៨ ខែមីនា នឹងប្រឡងវគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា។ សម្រាប់ទីតាំងប្រឡងនៅបញ្ជាការដ្ឋានកងទ័ពពិសេស។

សម្រាប់ពិធីបើកសម័យប្រឡងនេះបានធ្វើឡើង២មណ្ឌលគឺនៅមណ្ឌលប្រឡវវិទ្យាល័យ ជា ស៉ី សន្ធរមុខ ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ, និងទី២៖ មណ្ឌលវិទ្យាល័យបាក់ទូក ប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើស។

សូមរំលឹកថា គណៈកម្មការបានកំណត់យកនាយទាហានសកម្មជំនាន់ទី២៥ចំនួន ១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន១៥០នាក់, នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន៣០នាក់៕