(បាត់ដំបង)៖ លោកស្រី កែវ ដាណា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២០នាក់ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកស្រី កែវ ដាណា បានអបអរសាទរនៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីនេះថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយ ដឹកនាំត្រឹមត្រូវ មានស្នាដៃល្អ កសាង និង អភិវឌ្ឍន៍ ការពារ តស៊ូប្រឆាំង រាល់សកម្មភាពរបស់ប្រឆាំងចង់ផ្តួលរំលំ រាជរដ្ឋាភិបាលដែលបានប្រសូត្រពីការបោះឆ្នោត ស្វែងរកសន្តិភាព ការពារ ផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ និងមានសន្តិភាពពេញលេញហើយមានការរីកចម្រើនលើគ្រប់វិស័យ។

លោកស្រីបានបន្តថា ប្រជាពលរដ្ឋជាច្រើនលើសលុប បានមើលឃើញការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរហូតដល់មូលដ្ឋានដឹកនាំល្អ តែងតែដឹងសុខទុក្ខ ជីវភាពរស់ប្រចាំថ្ងៃ ទើបពួកគាត់ជឿងជាក់រហូតដល់មានអ្នកស្ម័គ្រចិត្តមកចូលរួមរស់ក្នុងជីវភាពនយោបាយជាបន្តបន្ទាប់ ជាក់ស្តែងថ្ងៃនេះ នៅក្នុងសង្កាត់ចំការសំរោងយើងនេះ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មីចំនួន២០នាក់ ដោយមានការឯកភាពពីថ្នាក់ដឹកនាំបក្សខេត្ត ក្រុង សង្កាត់ និងក្រុមការងារផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានអំពាវនាវបន្ថែមដល់សមាជិក សមាជិកាទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នាដើម្បីការពារកុំឆ្លងរោគនេះបន្តទៀត ព្រោះសុពលភាពវ៉ាក់សាំងនេះមានត្រឹមតែ៤ទៅ៥ខែប៉ុណ្ណោះ និងបន្តការរស់ស្អាត មានអនាម័យ គ្មានសម្រាម ដើម្បីការពារបរិស្ថានយើងបានល្អ យើងរស់នៅប្រចាំថ្ងៃមានសុខភាពល្អផងដែរ។

លោកស្រី បានអំនាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់នាំគ្នា ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ និងបោះជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ ដើម្បីឲ្យយើងមានឱកាសដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្រ្តីបន្តទៀត ដើម្បីកសាង អភិវឌ្ឍន៍ ប្រទេសជាតិមានការរីកចម្រើនកាន់តែខ្លាំងបន្ថែម ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមាន សុខសុវត្តិភាព នៅតាមមូលដ្ឋាន ប្រកបដោយសន្តិភាពដូចសព្វថ្ងៃ និងសូមជម្រាបដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់ បោកប្រាស់របស់បក្សប្រឆាំងឲ្យសោះ ដែលពួកនេះមិនបានមកជួយអ្វីដល់បងប្អូនឡើយ ក្រៅពីចង់បំផ្លាញសន្តិភាពដែលមានស្រាប់របស់បក្សប្រជាជនប៉ុណ្ណោះ៕