(ម៉ានីល)៖ អគ្គមេបញ្ជាការប៉ូលិសជាតិហ្វីលីពីនលោក Ronald de la Rosa បានថ្លែងថា មន្ត្រីប៉ូលិស០៩រូបរួចមក ហើយក្នុងចំណោម ២,៤០៥រូប ត្រូវបានក្រុមធ្វើតេស្តរកឃើញថា ពួកបានប្រើប្រាស់ថ្នាំខុសច្បាប់ ឬថ្នាំញៀន ដែលនេះជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុត និងត្រូវតែមានការស៊ើបអង្កេតនៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។
លោក De La Rosa បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងម៉ានីលនៅព្រឹកថ្ងៃចន្ទ នេះថា «វាជាចំនួននៃ ការប្រព្រឹត្តខុសច្បាប់ដ៏គួរឲ្យព្រួយបារម្ភ ដែលតម្រូវឲ្យមានការប្រកាសអាសន្ន។ ខ្ញុំធ្លាប់និយាយម្តងរួចមកហើយថា ខ្ញុំគ្មានការអត់ធ្មត់ និងលើកលែងឲ្យអ្នកប្រើប្រាស់ថ្នាំខុសច្បាប់នោះទេ ហើយឥឡូវនេះមន្ត្រីប៉ូលិស ០៩នាក់ហើយ ត្រូវបានក្រុមធ្វើតេស្តរកឃើញថា បានប្រើប្រាស់ថ្នាំខុសច្បាប់»។
គួរបញ្ជាក់ថា ប៉ូលិសដែលត្រូវបានរកឃើញភាពវិជ្ជមានទាំង ០៩នាក់ខាងលើនេះ ត្រូវបានចាប់ខ្លួន រួចនឹងត្រូវទទួលការ សួរចម្លើយអំឡុងពេល ៤៨ម៉ោង សឹមចាត់ការបន្តតាមនីតិវិធី។ សម្រាប់អគ្គមេបញ្ជាការប៉ូលិសខាងលើនេះ ទើបតែឡើង កាន់តំណែងកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីថ្មីលោក រ៉ូឌ្រីហ្គោ ឌូធើត ឡើងកាន់តំណែង កាលពីថ្ងៃទី៣០ ខែមិថុនា។ រដ្ឋាភិបាលថ្មីបានប្រកាសរួចទៅហើយថា នឹងព្យាយាមកម្ចាត់ អំពើឧក្រិដ្ឋកម្ម ពុករលួយ រត់ពន្ធគ្រឿងញៀន និង ភេរវកម្ម ដោយប្រើកណ្តាប់ដៃដែក៕