(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងលោកស្រី ស៊ុយ សែនសករាជ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខ តាជីយាយជី និងគណៈកម្មការវត្តកប់ស្រូវ ១៥៣នាក់ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកអភិបាលខណ្ឌ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
គួររំលឹកផងដែរ ក្នុងមួយរយៈកន្លងមក អាជ្ញាធរខណ្ឌព្រែកព្នៅ បានចុះធ្វើការងារសង្គម នៅក្នុងមូលដ្ឋានជាហូរហែរ និងចុះសាកសួរស្ខទុក្ខដល់ប្រជាពលរដ្ឋ ដល់លំនៅឋាន ព្រមទាំងផ្ដល់អំណោយ និងថវិកាដល់ប្រជាពលរដ្ឋក្រីក្រ បានជាច្រើនរាប់រយក្រុមគ្រួសារ ហើយបន្តចុះចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន នៅពេលទទួលបានព័ត៌មានពីបណ្ដាសង្កាត់នីមួយៗមកថា មានបងប្អូនជួបការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ពិសេសជនចាស់ជរា គ្មានទីពឹង ស្រ្តីមេមាយមានកូនចៅច្រើន និងបងប្អូនជនពិការ ជាដើម។
លោកអភិបាលខណ្ឌ ធឹម សំអាន បានបញ្ជាក់ថា អំណោយ ដែលចែកជូនដល់គណៈកម្មការវត្តកប់ស្រូវ តាជី យាយជី នាពេលនេះ រួមមាន ៖
- ថវិកាក្នុងម្នាក់ ៥៥.០០០រៀល
- សម្លៀកបំពាក់ មួយកំប្លេ
- ក្រមា ចំនួនមួយ
- អង្ករ ចំនួនដប់គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ និងតែ២កញ្ចប់ ព្រមទាំងបានប្រគេន ព្រះចៅអធិការ នូវបច្ច័យចំនួន ៤០០.០០០រៀល និងប្រគេនព្រះសង្ឃ ១៧អង្គ ក្នុងមួយអង្គ បច្ច័យ៣០.០០០រៀលផងដែរ ៕