(កំពង់ធំ)៖ បុរសម្នាក់កំពុងតែអង្គុយ កែច្នៃកាំភ្លើងដើម្បីទុកបាញ់សត្វ ស្រាប់តែភ្លាត់ស្នៀត ផ្ទុះត្រូវស្ដ្រីជាប្រពន្ធ កំពុងដេកលើអង្រឹង បណ្ដាលឲ្យចំពំពង់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរឲ្យសង្វេគ។
ហេតុការណ៍ផ្ទុះកាំភ្លើងដោយអចេតនានេះ កើតឡើងនៅល្ថាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតំបន់អូដា មានចំងាយពី ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំប្រហែល ១៥គ.ម ជាតំបន់ព្រៃ និងស្រែ។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនបង្កជាប្ដីឈ្មោះ តឿន រុំ អាយុ២១ឆ្នាំ ថា មុនពេលកើតហេតុខ្លួនបាននយក កាំភ្លើងច្នៃ មកកែច្នៃបន្ថែម ក្រោយពីប្រពន្ធឈ្មោះ យ៉ុង តឿ អាយុ២០ឆ្នាំ បានយកគ្រាប់កឹប មកឲ្យខ្លួនដើម្បីត្រៀមដើរឆ្លុះសត្វ ពេលដែល កំពុងកែច្នៃក៏ផ្ទុះគ្រាប់កឹប បណ្ដាលឲ្យត្រូវប្រពន្ធសំណព្វចិត្ត របស់ខ្លួនដែលកំពុងតែដេកលេងលើអង្រឹងក្បែរខ្លួន ត្រូវស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។
បច្ចប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕