(ឡូសអាន់ជែឡែស)៖ បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ទីអវកាស អស់រយៈពេល ៥ឆ្នាំមកនេះ យានអវកាសជំនាន់ចុង ក្រោយរបស់អង្គការ NASA ឈ្មោះ ជូណូ (Juno) បានជិតទៅដល់ចំណុចគោចរ ៥,០០០ គីឡូម៉ែត្រ ពីផ្ទៃស្រទាប់លើរបស់ភពព្រហស្បតិ៍ហើយ និងត្រៀមធ្វើដំណើរព័ទ្ធជុំវិញភពនេះដើម្បីថតរូបភាពពណ៌ធម្មជាតិ និងស្រង់យកទិន្នន័យសំខាន់ៗបញ្ជូនមកកាន់ផែនដីវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០១៦។
តាមការអះអាងរបស់មន្ទីរពិសោធន៍ (JPL) របស់ NASA យានអវកាស ជណូ នឹងចាប់ផ្តើមបញ្ឆេះម៉ាស៊ីនរបស់វា ដើម្បីសម្រុកចូល តំបន់គោចរក្បែរស្រទាប់លើរបស់ភពព្រហស្បតិ៍ ដោយត្រូវចំណាយពេល៣៥នាទីក្នុងការសម្រុកចូល ដែលគ្រោងធ្វើឡើងនៅយប់ថ្ងៃចន្ទនេះ (សម្រាប់ពេលវេលានៅលើផែនដី)។ វាជាតំណាក់កាលស្លាប់រស់របស់យាន ជូណូ ខណៈដែលការសម្រុកចូលដោយពុះពារនឹងដែនម៉ាញេទិញដ៏ខ្លាំងបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ របស់ភពព្រហស្បតិ៍នោះ គឺជារឿងដ៏មហាគ្រោះថ្នាក់។
លោក Scott Bolton អ្នកគ្រប់គ្រងកម្មវិធីបង្ហោះយានជូណូ បានលើកឡើងថា «យើងត្រៀមខ្លួនរួចរាល់ហើយ។ ក្រុមវិស្វករ និង អ្នកគ្រប់គ្រងបេសកកម្ម បាននិងកំពុងត្រៀមខ្លួនក្នុងកម្រិតខ្ពស់បំផុត ដើម្បីរុញច្រាន ជូណូ ឲ្យទៅដល់ចំណុចគោចរ តាមការគ្រោងទុក ពីលើភពព្រហស្បតិ៍»។ បន្ទាប់ពីការហោះបុកចូលតំបន់គ្រោះថ្នាក់ពីលើ ភពយក្សនេះបានសម្រេច ជូណូ នឹងចាប់ផ្តើមហោះព័ទ្ធជុំវិញដើម្បីថតរូប និងស្រង់យកទិន្នន័យជាច្រើនតាមការគ្រោងទុក។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ យានអវកាស ជូណូ ដែលដើរដោយពន្លឺព្រះអាទិត្យ បានធ្វើការហោះឆ្លងកាត់ព្រះច័ន្ទយក្សរបស់ភពព្រហស្បតិ៍ ដូចជា Callisto, Ganymede, Europa និង Io នឹងត្រូវឆ្លងកាត់នៅថ្ងៃចន្ទ នេះផងដែរ។ សម្រាប់ព្រះច័ន្ទទាំងបួននេះ ត្រូវបានរកឃើញនិងដាក់ឈ្មោះដោយតារាវិទូជនជាតិអ៉ីតាលីលោក Galileo Galilei កាលពីឆ្នាំ ១៦០៩៕