(ភ្នំពេញ)៖ ពេញមួយខែមិថុនា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់រថយន្តដឹកលើសទម្ងន់បាន ២៦៥គ្រឿង ផាកពិន័យជាប្រាក់ បានជិត ៥០០លានរៀល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍បានឲ្យដឹងថា រថយន្តដឹកលើសទម្ងន់នេះ ត្រូវបានរកឃើញនៅតាមស្ថានីយថ្លឹងរថយន្ត នៅតាមបណ្តាខេត្តនានា។ ការបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ ត្រូវបានធ្វើឡើង ដោយមានការដឹកនាំផ្ទាល់ពីលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ។
របាយការណ៍បានបញ្ជាក់ផងដែរថា រថយន្តទាំងនេះ បានដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ២៦តោន។
លោក សេង ឈួន បានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ គោរពច្បាប់ស្តីពីការដឹកជញ្ជូនតាមច្បាប់កំណត់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកបានបញ្ជាក់ទៀតថា ការចុះបង្ក្រាប និងឃាត់យានយន្តដឹកជញ្ជូនទំនិញ លើសទម្ងន់កំណត់ទូទាំងប្រទេស ក្នុងបំណងធ្វើយ៉ាងណាធានាឱ្យមានការដឹកជញ្ជូន តាមច្បាប់កំណត់។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា តាមបច្ចេកទេសរថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ប្រមាណ ១០តោន ស្មើនិង រថយន្តប្រមាណ ១ម៉ឺនគ្រឿងធ្វើចរាចរណ៍នៅលើផ្លូវនោះ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការផាកពិន័យលើរថយន្តដឹកលើសទម្ងន់ មិនមែនជាការចង់បានរបស់ក្រសួងនោះឡើយ ត្បិតថ្លៃផាកពិន័យលើរថយន្តដឹកលើសទម្ងន់នេះ មិនអាចយកមកទូទាត់ថ្លៃជួសជុល ឬធ្វើផ្លូវនោះឡើយ។ ដូច្នេះអ្វីដែលក្រសួងចង់បាន គឺសូមអ្នកដឹកជញ្ជូនទាំងអស់ចូលរួមគោរពច្បាប់ និងមិនត្រូវដឹកលើសទម្ងន់នោះឡើយ៕