(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដាស់តឿនដល់លោកគ្រូអ្នកគ្រូត្រូវបង្កើនការបង្រៀនដល់សិស្សានុសិស្ស ស្របនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងនីតិកាលទី៦ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ចតុកោណទី១ អំពីការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

លោកដាស់តឿនបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣ ដែលមានរយៈពេល១ថ្ងៃកន្លះ និងត្រូវបានប្រារព្ធបិទនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

លោកបានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតដែលបានពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយលើចំណុចខ្លាំង ចំណុចខ្វះខាតដែលនៅសេសសល់បញ្ហាប្រឈម និងរួមគ្នាកំណត់ផែនការដោះស្រាយឱ្យបានកាន់តែសមស្រប តាមស្ថានការជាក់ស្ដែងរបស់អនុវិស័យនីមួយៗ ជាពិសេសការសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ ស្របនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងនីតិកាលទី៦ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ត្រង់ចតុកោណទី១ អំពីការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាសមធម៌នៃការរៀនសូត្រ និងខិតខំធ្វើឱ្យសម្រេចតាមគោលដៅអប់រំសម្រាប់ទាំងអស់គ្នា។

លោក ញ៉ែម សំអឿន បានផ្តល់អនុសាសន៍មួយចំនួនដល់លោកគ្រូអ្នកគ្រូ និងនាយកសាលាមានជាអាទិ៍៖
១-ត្រូវបន្តចូលរួមវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល។
២-ត្រូវបង្ហាញនូវភាពស្មោះត្រង់ និងទទួលការជួយគាំទ្រពីសំណាក់អាជ្ញាធរមូលដ្ឋានត្រូវចេះសហការ និងចែករំលែកបញ្ហាប្រឈម និងលទ្ធផលរួមគ្នា។
៣-ត្រូវបង្កើនតម្លាភាព គណនេយ្យភាពក្នុងការដឹកនាំគ្រប់គ្រងដើម្បីបង្កើននូវអភិបាលកិច្ចល្អ។
៤-ត្រូវចេះប្រើប្រាស់ធនធានថវិកាដែលរដ្ឋាភិបាលផ្ដល់ជូនឱ្យចំទិសដៅ និងប្រកបដោយគុណភាព ប្រសិទ្ធភាព និងលទ្ធផលអាចទទួលយកបាន។
៥-ត្រូវបង្កើនការសិក្សារៀនសូត្រក្នុងភាពជាអ្នកដឹកនាំល្អ ព្រោះសាលារៀនល្អ ឬអាក្រក់ ដោយសារសកម្មភាពរបស់លោកលោកស្រីបង្រៀននៅសាលារៀនផ្ទាល់។
៦-ត្រូវបង្កើតភាពជឿទុកចិត្តលើការដឹកនាំគ្រប់គ្រងសម្រាប់សហគមន៍ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានជូនលិខិតសសើរជូនចំពោះលោកនាយកវិទ្យាល័យ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍមូលដ្ឋានរចនាសម្ព័ន្ធវិទ្យាល័យ និងលោកគ្រូអ្នកគ្រូដែលមានស្នាដៃបង្រៀនល្អ ព្រមទាំងឧបត្ថម្ភថវិកា២០ម៉ឺនរៀលក្នុងម្នាក់ចំពោះលោកគ្រូអ្នកគ្រូចំនួន៥នាក់មកពីសាលារៀនចំនួន៥ផងដែរ៕