(កណ្ដាល)៖ រថយន្តចំនួន៣គ្រឿង និងឆេះសំយាបផ្ទះពលរដ្ឋតិចតួច ដោយសាររថយន្តដឹកកុងតឺន័រផ្ទុកដោយថ្នាំបាញ់មូស១គ្រឿង បានបុករថយន្ត២គ្រឿងផ្សេងទៀត បណ្ដាលឱ្យក្រឡាប់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅនាពាក់កណ្ដាលរាត្រីម៉ោង២ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលដែលចុះពិនិត្យទីតាំងបានរៀបរាប់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខភ្នំពេញ 3A-3853 សណ្តោងស៉ឺមីរ៉ឺម៉កគ្មានផ្លាកលេខ ផ្ទុកថ្នាំបាញ់មូសក្នុងកុងតឺន័រ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកពីអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១។ ពេលបើកមកដល់ចំណុចផ្សារគគីរ បានរេទៅបុករថយន្តម៉ាក MITSUBISHI SUPER GREAT ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3E-9032 សណ្តោងស៉ឹម៉រ៉ឺម៉កពាក់ផ្លាលលេខ ព្រះសីហនុ 4A-0744 បើកបរដោយជនមិនស្គាល់អត្តសញ្ណាណ ឈប់ចតស្របទិសដៅគ្នា បណ្តាលឱ្យក្រឡាប់រថយន្តទាំង២គ្រឿង ហើយឆេះរថយន្តទាំង២គ្រឿង និងរថយន្តចតមួយគ្រឿងទៀត ម៉ាក TOYOTA CEFIPRO ពណ៌បៃតងចាស់ ផ្លាកលេខ ដោយឆេះសន្ធោសន្ធៅទាំង៣គ្រឿង។

ភ្លាមនោះ លោកឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងពន្លត់អគ្គិភ័យខេត្ត និងអធិការនគរបាលស្រុកកៀនស្វាយ ក្នុងខណៈពេលដែលរថយន្តកំពុងឆេះមានប្រជាពលរដ្ឋល្អបានទូរស័ព្ទទៅលោកអធិការនគរបាលស្រុក ក្រោយទទួលព័ត៌មានភ្លាមបានដឹកកម្លាំងស្រុក និងកម្លាំងប៉ុស្តិ៍គគីរចុះដល់កន្លែងកើតហេតុភ្លាម។

មន្ត្រីនគរបាលដដែលបានបន្តថា ក្នុងការអន្តរាគមន៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង មកពីស្នងការនគរបាលខេត្តកណ្តាល, ១២គ្រឿងមកពីរាជធានីភ្នំពេញ ប្រើប្រាស់ទឹកអស់១២ឡាន, មកពីបុរីប៉េងហួត២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្តពន្លត់អគ្គិភ័យស្រុកកៀនស្វាយ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន ជួយអន្តរាគមន៍ពន្លត់ភ្លើង។

មន្ត្រីខាងលើនោះបានបញ្ជាក់ទៀតថា ករណីនេះក៏បណ្តាលឱ្យឆេះយីហោសំយាបផ្ទះចំនួន៥ផ្ទះ មិនរាលដាល់ដល់ផ្ទះអ្នកជិតខាងនោះឡើយ ហើយបានពន្លត់អស់ទាំងស្រុងនៅវេលាម៉ោង២៖៥០នាទី៕