(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ រួមជាមួយក្រុមហាត់ប្រាណខេត្តកំពង់ធំបានចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ២៥០នាក់ នៅសាលាបឋមសិក្សាខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ លោកស្រី ឃួន ឃុនឌី បានឱ្យដឹងថា ដោយមើលឃើញការខ្វះខាតរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាខ្សាច់ជីរស់នេះ លោកស្រីនិងក្រុមហាត់ប្រាណខេត្តកំពង់ធំបាននាំយកសម្ភារសិក្សាមួយចំនួនមកចែកជូនដល់សិស្សានុសិស្ស សម្រាប់ជួយសម្រាលការលំបាកមួយផ្នែក និងធ្វើយ៉ាងណាជំរុញឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ

លោកស្រី ឃួន ឃុនឌី ក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូត្រូវតាមដាន និងផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ឱ្យជួយតាមដានការសិក្សារបស់សិស្ស និងមិនត្រូវឲ្យកូនៗបោះបង់ការសិក្សាឡើយ។

លោកស្រី ឃួន ឃុនឌី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានត្រូវធ្វើយ៉ាងណារក្សាឲ្យបាននូវភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហាផ្សេងៗដែលជាការថ្នាំងថ្នាក់ដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់សិស្សានុសិស្សនេះ មាន ប៊ិច សៀវភៅ កាបូប និងថវិកាមួយចំនួន។ លោកស្រី ឃួន ឃុនឌី និងក្រុមការងារបានបន្តចុះសួរសុខទុក្ខទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។

លោកស្រី ឃួន ឃុនឌី ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរប្រចាំថ្ងៃក្រោមម្លប់សន្តិភាព៕