(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារចុះជួយសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយ សមាជិកសមាជិកា គណបក្ស នាព្រឹកថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៣នេះ ដើម្បីចូលរួមអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងពិធីនេះ​ មានអ្នកចូលរួមចំនួនប្រមាណ​ ៣០០នាក់​ លោក ប្រធានក្រុមការងារបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជូនសមាជិក សមាជិកា និងក្រុមការងារទាំងអស់។

លោកគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់ និងនឹករលឹកដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាពិសេសថ្នាក់ដឹកនាំគណបក្ស តែងតែលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងសង្គម ហើយគោលនយោបាយនេះបានអនុវត្តយ៉ាងទូលំទូលាយនៅកម្ពុជាតាំងពីយូរមកហេីយ។

លោកបានបញ្ជាក់ថា ទិវាអន្តរជាតិនារីឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។​ លោកបញ្ជាក់ថា​ ស្រ្តីនៅកម្ពុជា បានលើកកម្ពស់និងមានឱកាសបំពេញការងារដូចបុរសនៅលើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម។

លោក ឡេង ប៉េងឡុង បានថ្លែងអំណរគុណ និងកោតសរសើរដល់នារី ដែលជាសមាជិក និងក្រុមការងារទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្តនៅក្នុងការបម្រើការងារគាំទ្រដល់គណបក្សជារហូតមក។

ឆ្លៀតឱកាសនោះ លោកប្រធានក្រុមការងារ បានលើកឡើងថា មន្រ្តីនិងក្រុមការងារនៅមូលដ្ឋាន ជាតួអង្គសំខាន់នៅក្នុងការបម្រើពលរដ្ឋ ពីព្រោះជាតួអង្គដែលនៅជិតពលរដ្ឋបំផុត។ និងត្រូវបន្តចូលរួមតាមតួនាទីភារកិច្ចរៀបចំផែនការសកម្មភាពការងារ ក្នុងការការពង្រឹង និងពង្រីកសមាជិកបក្សថ្មី រក្សាចាស់។ សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឱ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត និងគាំទ្រ លោកបណ្ឌិត​ ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕