(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស វេលាម៉ោង៨៖៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១និងទិសដៅឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយរងសេនាធិការដ្ឋាន ស្នងការរង លោក នាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ និងនាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស សភាពការណ៍រួមក្នុងឆមាសទី១ ឆ្នាំ២០១៦នេះ ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងការការពារប្រតិភូជាតិ អន្តរជាតិ ក្នុងដំណើរបំពេញទស្សនកិច្ច រាល់កិច្ចប្រជុំតូច ធំ ព្រមទាំងក្នុងពិធីបុណ្យជាតិ អន្តរជាតិ បានល្អប្រសើរ។
តាមរយៈទិន្នន័យក្នុងរបាយការណ៍បូកសរុបឆមាសទី១នេះ កងរាជអាវុធហត្ថសម្រេចបាននូវស្នាដៃ និងសមិទ្ធផលយ៉ាងល្អប្រសើរមានជាអាទិ៍៖ ១-ការកសាងហេដ្ឋារចនាសម្ពន្ធ មានការខិតខំប្រឹងប្រែងសាងសង់អគារ ជំរំជម្រក បន្ទាយស្នាក់នៅចាប់តាំងពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រហូតដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ។
២-ការអប់រំចិត្តសាស្ត្រនិងហ្វឹកហ្វឺន បានខិតខំធ្វើម្ចាស់ការទាំងនៅសាលា នៅអង្គភាពរួមមាន៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ ។ល។
៣-ការថែទាំមធ្យោបាយ សម្ភារៈបំពាក់ មេបញ្ជាការគ្រប់ថ្នាក់មានស្មារតីខ្ពស់ក្នុងការជួសជុល និងទិញបន្ថែម ដើម្បីធានាបម្រើបេសកកម្ម។
៤-មេបញ្ជាការគ្រប់ថ្នាក់បានយកចិត្តទុកដាក់លើប្រាក់ហូបនៅតាមផ្ទះបាយ លើសពីនេះរាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍មានភាពល្អប្រសើរ។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថគ្រប់ថ្នាក់បានយកចិត្តទុកដាក់គោលនយោបាយ ជូនដល់អាវុធហត្ថពលី មរណៈ ព្យាបាលជំងឺ ។ល។
៥-គ្រប់អង្គភាពយកចិត្តទុកដាក់លើការប្រើប្រាស់ឯកសណ្ឋានបាសមរម្យ និង ៦-ចំណែកឯ ការស្រាវជ្រាវ បង្ក្រាបបទល្មើសយើងទទួលបានលទ្ធផលច្រើន ហើយរក្សាបានសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈបានល្អ។
ក្រៅពីការងារស្នូល កងរាជអាវុធហត្ថបានចូលរួមការងារសង្គមដូចជា អប់រំបន្សាបគ្រឿងញៀនដល់ជនញៀនថ្នាំជាសះស្បើយ ចំនួន២១២នាក់ ជួយដឹកទឹកជូនប្រជាពលរដ្ឋបានចំនួន ៩០៨៣គ្រួសារ ស្មើនឹង ៦១០.៣០១លីត្រ និងជួយរុះរើផ្ទះចំនួន ៥៩ខ្នង ព្រមទាំងចូលរួមសកម្មភាពកីឡាបាល់ទាត់៕