(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះពិនិត្យឡើងវិញស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណជូនយុវវ័យ និងប្រជាពលរដ្ឋ។

លោកបណ្ឌិត ម៉ា ឈឿន បានណែនាំថា ក្នុងករណីប្រជាពលរដ្ឋបាត់ ខូច ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាព ត្រូវពិនិត្យដោះស្រាយ និងធ្វើជូនពួកគាត់ឲ្យបានទាន់ពេលវេលា នៅឃុំទាំង១០ ក្នុងមូលដ្ឋានស្រុកជើងព្រៃ។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវរក្សាទុកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕