(កំពង់ធំ)៖ អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងក្រើនរំឭកជារឿយៗនោះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយមន្ត្រីសាលាស្រុក អាជ្ញាធរឃុំបានបន្តចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមផ្ទះនៃឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងចែកអំណោយដល់ជនចាស់ជរា ជនពិការ និងគ្រួសារទីទាល់ក្រចំនួន១០គ្រួសារ។

សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះបីជាលោកមិនបានមកផ្ទាល់ដោយសារមានកិច្ចការមមាញឹកក្នុងនិងក្រៅប្រទេស លោកក៏ជំរុញឲ្យមន្រ្តីក្រោមឱវាទ ជាពិសេសអាជ្ញាធរមូលដ្ឋានឧស្សាហ៍អើតឈ្ងោកតាមផ្ទះប្រជាពលរដ្ឋដែលជួបការលំបាក ហើយនាំគ្នាជួយដោះតាមលទ្ធភាព ហើយរាយការណ៍ជូនករណីហួសពីសមត្ថភាពខ្លួន។

លោកបញ្ជាក់ថា ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺដើម្បីពិនិត្យស្ថានភាពផ្ទាល់ពីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះអាកាសធាតុមានការប្រែប្រួល និងចូលរួមអនុវត្តនូវវិធានការដោយបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោកក៏បានលើកឡើងពីគុណបំណាច់របស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេច ហ៊ុន សែន ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ការសម្លាប់ប្រជាជនយ៉ាងរង្គាល រហូតដល់មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រមទាំងបន្តមកព្រឹត្តិការណ៍ស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ការកសាងប្រទេសជាតិ ចាប់ពីបាតដៃទទេ នាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ វាមិនមែនជាការបំភ្លៃប្រវត្តិសាស្ត្រនោះឡើយ តែជាសច្ចធម៌ប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដ។

លោកអភិបាលក៏បានក្រើនរំលឹកឲ្យអាជ្ញាធរភូមិ ឃុំបន្តចុះជួបដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ គឺមិនបណ្តែតបណ្តោយទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ៕