(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុកថា ការកាត់ទោស លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ចំពោះបទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាការអនុវត្តដ៏ត្រឹមត្រូវតាមច្បាប់ ដើម្បីព្រមានដើម្បីកុំឱ្យមានអ្នកនយោបាយផ្សេងទៀត យកបរទេសជាបង្អែក នាំឱ្យបាត់បង់ផលប្រយោជន៍ជាតិ។

តាមរយៈបណ្តាញសង្គម លោក ពេជ្រ ស្រស់ បានអះអាងថា ចំពោះករណី លោក កឹម សុខា លោកបានតាមដានជាច្រើនលើកដែរនៅក្នុងអង្គសវនាការដំណើរការក្តី ហើយលោកក៏បានកត់សម្គាល់នូវការតតាំងគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងក្តីនេះ ឃើញថាមានភាពស្មុគស្មាញ ប៉ុន្តែលោកមើលឃើញថា ភាគីលោក កឹម សុខា ខ្វះឯកសារដោះបន្ទុក ដែលជាហេតុនាំឱ្យច្បាប់មានអំណាចចោទប្រកាន់ ជាពិសេសភស្តុតាងដែលដើមចោទបង្ហាញក្នុងសវនាការ គឺស្របទៅនឹងអ្វីដែលច្បាប់បានកំណត់ ដូច្នេះរឿងក្តីរបស់លោក កឹម សុខា មានលក្ខណៈពិសេសជាងរឿងក្តីដទៃទៀត ដោយពាក់ព័ន្ធនឹងសកម្មភាពនយោបាយផង និងច្បាប់ផង ពីព្រោះលោក កឹម សុខា គឺជាអ្នកនយោបាយ ហើយបើគេឈរមើលពីខាងក្រៅរបងតុលាការគឺច្បាស់ណាស់គេស្រែកថា វាជារឿងនយោបាយ ប៉ុន្តែបើចូលក្នុងសាលអង្គសវនាការស្តាប់ការដេញដោលគ្នា នោះរឿងនយោបាយនឹងថយចុះ រីឯរឿងច្បាប់នឹងលេចរូបរាងឡើង។

លោកបានបន្តថា៖ «ដូច្នេះទោះបីជាយ៉ាងណាការកាត់ទោសលោក កឹម សុខា ពឹងផ្អែកលើច្បាប់រដ្ឋជាចម្បង ចង់មិនចង់ក្នុងនាមជាប្រជាពលរដ្ឋត្រូវតែគោរពច្បាប់រដ្ឋដោយមិនអាចគេចវេសបានឡើយ ហើយលោក កឹម សុខា ក៏ជាប្រជាពលរដ្ឋខ្មែរម្នាក់ផងដែរ ដូច្នេះការកាត់ទោសលើរូបគាត់គឺស្របនឹងសកម្មភាពគាត់បានប្រព្រឹត្តិខុសច្បាប់រដ្ឋ»

«ខ្ញុំ គាំទ្រចំពោះការអនុវត្តច្បាប់ដោយមិនរើសមុខ ហើយខ្ញុំក៏គាំទ្រការកាត់ទោសលើលោក កឹម សុខា ដើម្បីកុំឱ្យមានអ្នកនយោបាយផ្សេងទៀតយកបរទេសជាបង្អែកនាំឱ្យបាត់បង់ផលប្រយោជន៍ជាតិ និងបង្កភាពអសន្តិសុខក្នុងសង្គមជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ប្រធានគណបក្សយុវជនកម្ពុជា។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសាលក្រមកាត់ទោស លោក កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដាក់ពន្ធនាគារ២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ៕