(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានបញ្ហាសង្គមកម្ពុជាមួយរូបដែរនោះ បានមើល​ឃើញថា សាកក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើអំពើក្បត់ជាតិរបស់លោក កឹម សុខា មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងបង្ហាញពីអំណាចឯករាជ្យ​របស់តុលាការ​កម្ពុជា ដែលជារដ្ឋអធិបតេយ្យ។

សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា កាលពីថ្ងៃសុក្រ ទី០៣ ខែមីនា បានធ្វើឱ្យមានប្រតិកម្មចម្រុះមាន​ទាំង​គាំទ្រ ​និងមិនគាំទ្រមួយចំនួនផងដែរ។

លោកបណ្ឌិត គិន ភា បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ការសម្រេចនេះ បង្ហាញ​ឱ្យឃើញពីអំណាចឯករាជ្យរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ ដែលមិនត្រូវស្ថិតក្រោមកម្មវត្ថុ ឬការបង្គាប់បញ្ជាពីរដ្ឋបរទេសណាមួយជាដាច់ខាត។

លោកបានបន្ថែមថា សាលក្រមនេះ ជាលទ្ធផលនៃដំណើរការផ្នែកនីតិវិធី​ពាក់ព័ន្ធការ​អនុវត្តច្បាប់​របស់​តុលាការ ការអនុវត្តដោយផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់​ពេញ​លេញ​​ដោយ​ចំណាយពេលស៊ើបអង្កេត និងស៊ើបសួរអស់រយៈពេលប្រមាណ​ពីរឆ្នាំ និងបើកសវនាការរហូតដល់ទៅ ៦៦លើក ដែលអាចនិយាយបានថា ជាសំណុំ​រឿងប្រើពេលវែងជាងគេបំផុតនៅកម្ពុជា ដោយរួមទាំងសវនាការចុង​ក្រោយកាល​ពី​ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០២២ផងដែរ។ សវនាការចុងក្រោយនេះ ជាសវនាការសំខាន់មួយ ដោយភាគីទាំងអស់នៃសំណុំរឿង មានទាំងមេធាវីដើមបណ្តឹងរដ្ឋប្រវេណី មេធាវីជន​ជាប់​​ចោទ និងតំណាងអយ្យការត្រូវបានផ្តល់សិទ្ធិតាមច្បាប់ ដើម្បីធ្វើសេចក្តីសន្និដ្ឋាន​សរុបបញ្ចប់ការពារខ្លួនរៀងៗខ្លួន។

«បើយើងពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ គឺតុលាការមានមូលហេតុគ្រប់គ្រាន់​សម្រាប់​ចេញសាលក្រមសម្រេចសេចក្តីលើរឿងក្តីលោក កឹម សុខា ពីបទក្បត់ជាតិ​នេះ។ អ៊ីចឹងបើយើងពិនិត្យលើមូលដ្ឋាននៃអង្គហេតុសំណុំរឿងនេះ យើងឃើញថា វីដេអូឃ្លីបដែលលោក កឹម សុខា និយាយពីផែនការសម្ងាត់ដែលត្រូវរៀបចំ និង​អនុវត្តន៍​ជាមួយបរទេសតាំងពីឆ្នាំ១៩៩៣មកនោះ គឺផែនការដែលគាត់លើកឡើង​ក្នុងវីដេអូ គឺវាស៊ីគ្នាទៅនឹងសកម្មភាពរបស់លោក កឹម សុខា ដែលបានអនុវត្តន៍​ជាបន្តបន្ទាប់រហូតដល់ថ្ងៃដែលត្រូវបានចាប់ខ្លួន»។ នេះជាការគូសរំលេចរបស់លោកបណ្ឌិត គិន ភា។

លោក គិន ភា លើកបង្ហាញការកត់សម្គាល់របស់ខ្លួនទៀតថា «មូលដ្ឋាននៃអង្គច្បាប់​សំណុំរឿងរបស់លោក កឹម សុខា ទៀតសោត យើងឃើញអង្គហេតុ ដែលទាក់ទងនឹង​ផែនការសម្ងាត់ដែលលោក កឹម សុខា បានរៀបចំ និងអនុវត្តន៍ ដោយមានការឃុប​ឃិត​ត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយ​យកគំរូតាម​បដិវត្តន៍ពណ៌នៅយូហ្គោស្លាវី និងស៊ែប៊ី គឺត្រូវបានចាត់ទុកជាបទល្មើសសន្ទិដ្ឋិភាព​ជា​មួយបរទេស ឬហៅសាមញ្ញថា ឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានធាតុ​ផ្សំ​ពី​បទល្មើសគ្រប់គ្រាន់ ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដែលមានចែង និងផ្តន្ទា​ទោស​​តាមមាត្រា ៤៣៩ និងមាត្រា ៤៤៣នៃក្របព្រហ្មទណ្ឌនៃព្រះរាជា​ណាចក្រ​កម្ពុជា។ បទល្មើសនេះ អាចត្រូវបានផ្តន្ទាទោសបន្ថែមចំនួន១ ឬក៏ច្រើន ដូចមានចែង​ក្នុងមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ»

ការសម្រេចរបស់តុលាការ ក៏បាននាំឱ្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ធ្វើសេចក្តី​ថ្លែង​ការណ៍ប្រតិកម្មផងដែរ។ លោកបណ្ឌិត គិន ភា បានរំលឹកទៅដល់ការធ្វើអត្ថា​ធិប្បាយ​របស់ស្ថានទូតនានាថា មិនត្រូវធ្វើការអត្ថាធិប្បាយណាមួយ ដែលប៉ះពាល់​​ដល់​អធិបតេយ្យ ឯករាជ្យ និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ ជាពិសេសមិន​ត្រូវ​ប៉ះ​ពាល់ទៅដល់អំណាចឯករាជ្យរបស់តុលាការនៃរដ្ឋអធិបតេយ្យនោះទេ។

លោក បានគូសបញ្ជាក់ថា «ការអត្ថាធិប្បាយរបស់ពួកគេ ក៏ត្រូវប្រយ័ត្នប្រយែងចៀង​វាង​ការបង្កឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា ជាមួយបណ្តារដ្ឋទាំង​អស់​នោះ។ ស្ថានទូតនៃរដ្ឋបរទេសត្រូវតែអនុវត្តន៍ឱ្យបានត្រឹមត្រូវ​នូវអនុសញ្ញា​ទីក្រុង​វីយ៉ែន ស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១។ ដូចយើងដឹងហើយថា ផ្អែកលើ​មាត្រា​៤១ នៃអនុសញ្ញាក្រុងវីយ៉ែន ស្តីពីទីនាក់ទំនងការទូត បានតម្រូវឱ្យអ្នកការទូត​នៃ​រដ្ឋ​អធិបតេយ្យទាំងអស់ ត្រូវគោរពច្បាប់ និងបទបញ្ញត្តិទាំងឡាយរបស់រដ្ឋម្ចាស់ផ្ទះ មិន​ត្រូវ​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះជាដាច់ខាត។ មាត្រានេះ បាន​បញ្ជាក់​ផងដែរថា និវេសនដ្ឋានរបស់ស្ថានបេសកកម្មមិន​ត្រូវប្រើប្រាស់តាម​របៀប​ណា​មួ​យ ដែលមិនសមស្របតាមមុខងាររបស់ស្ថានបេសកកម្ម ដែលមានចែងក្នុងអនុ​សញ្ញា​ទីក្រុង​​វីយ៉ែន ឬក៏វិធានច្បាប់អន្តរជាតិទូទៅផ្សេងទៀត ឬដោយកិច្ចព្រមព្រៀង​ពិសេសណាមួយជាធរមានរវាងរដ្ឋរបស់ទូត និងរដ្ឋម្ចាស់ផ្ទះ»

លោក គិន ភា បានរំលឹកដល់បណ្តាទូតនានាថា គោលការណ៍សមភាពអធិបតេយ្យ​របស់រដ្ឋ បូរណភាពដែនដី និងការមិនច្រៀតចូលកិច្ចការផ្ទៃក្នុង​ត្រូវតែគោរពឱ្យបាន​ពេញលេញ។ ដូច្នេះបណ្តារដ្ឋដាក់ទូត ក៏ដូចជាស្ថានទូតបរទេស ដែលប្រចាំនៅ​កម្ពុជា មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ។

លោក គិន ភា បានមើលឃើញផងដែរថា សាលក្រមពាក់ព័ន្ធរឿងក្តីព្រហ្មទណ្ឌ​នៃបទ​ក្បត់ជាតិរបស់លោក កឹម សុខា គឺជាកិច្ចខិតខំប្រឹងប្រែងនាំមកនូវនីតិរដ្ឋ និងការ​បញ្ចៀស​នូវអំពើចលាចល អសន្តិសុខ និងបង្កជាសោកនាដកម្មផ្សេងៗ ឬគោល​ដៅ​នាំមកនូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មសម្រាប់សង្គមកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា បន្ទាប់ពីដំណើរការជំនំុជម្រះក្តីអស់រយៈពេលជាង ៥ឆ្នាំ សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ត្រូវបានប្រកាសសាលក្រមនៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣​នេះហើយ។

លោក កឹម សុខា ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ​កំណត់​រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នា​ជាមួយ​បរទេស ប្រព្រឹត្តនៅប្រទេស​កម្ពុជា និងទីកន្លែងផ្សេងទៀត​កាលពីអំឡុង​ឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស​តាម​បញ្ញត្តិមាត្រា ៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។

លោកក៏ត្រូវបានផ្តន្ទាទោសជនជាប់ចោទនូវទោសបន្ថែម ដោយដកជាស្ថាពរ​នូវ​សិ​ទ្ធិ​បោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ​ផ្សេង​ទៀត តាមបញ្ញត្តិមាត្រា ៤៥០ នៃក្រមព្រហ្មទណ្ឌ។

លោក កឹម សុខា ក៏ត្រូវបានហាមមិនឱ្យចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ​៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាត ដោយព្រះរាជអាជ្ញា​នៃអយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ។

លោក ក៏ត្រូវបានហាមមិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ញាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយ ប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញានអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ ដោយ យោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។

សាលក្រមផន្ទាទោសលើលោក កឹម សុខា នាំឱ្យមានការគាំទ្រយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានាទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា៕