(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយការកកស្ទះចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស (ក្បាលថ្នល់)។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសបានរកឃើញនូវដំណោះស្រាយ៥យ៉ាង ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក្នុងនោះរួមមាន៖

*ទី១៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមហ៊ុនសាងសង់ ធ្វើការបង្រួមរបងហ៊ុព័ទ្ធការដ្ឋានឲ្យបានតូចបំផុត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ

*ទី២៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក

*ទី៣៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ ក្នុងការបម្រើឲ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញ មិនត្រូវធ្វើឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវធ្វើការលក់ដូរ

*ទី៤៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន

*ទី៥៖ នៅពេលវលាចរាចរណ៍មមាញឹក សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ APP GOOGLE MAPS មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស៕