(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះកោសជប់ម៉ាស្សា ផ្លូវ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។

ជនសង្ស័យឈ្មោះ ស៊ី កប អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថដាក់ឈ្មោះ ហេង សុភក្រ្ក និងពាក់ស័ក្ដិថ្នាក់អនុសេនីយ៍ឯក កាន់កាប់អាវុធខ្លី១ដេីម ម៉ាកK៥៤ លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង១ ម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JV-2940 ធ្វើសកម្មភាពដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕