(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោស លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

គណបក្សសញ្ជាតិកម្ពុជា យល់ឃើញថា ការផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ឱ្យដាក់ពន្ធនាគារកំណត់រយៈពេល ២៧ ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នជាមួយ បរទេស។ ការដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗទៀត, ការដាក់ជនជាប់ចោទឈ្មោះ កឹម សុខា ឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ មិនឱ្យចាកពីបរិវេណលំនៅដ្ឋាន មិនឱ្យជួបបុគ្គលណាម្នាក់ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែសមាជិកក្រុមគ្រួសារនោះ គឺជារឿងត្រឹមត្រូវ និងយុត្តិធម៌ជាទីបំផុតសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ គណបក្សសញ្ជាតិកម្ពុជា ក៏ប្រកាសយ៉ាងឱឡារិកបន្តការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវសេចក្តីសម្រេចសាលក្រមព្រហ្មទណ្ឌនេះ ដើម្បីភាពសុខសាន្តយូរអង្វែង និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕