(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពុំបានបង្ហាញវត្តមាននោះទេ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈសភាស៊ើបសួរសាលាឧទ្ធរណ៍ ចាប់ផ្ដើមសវនាការចំពោះបទល្មើសបដិសេធក្នុងការចូលខ្លួន។ ប៉ុន្តែទោះបីយ៉ាងណា មេធាវីរបស់លោក កឹម សុខា បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី។
សវនាការនេះ ដឹកនាំដោយលោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន អ៉ីម លោក សួស សំអាត ជាសមាជិក និងលោក ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។
មេធាវីការពារក្ដីលោក កឹម សុខា គឺលោក សំ សុគង់ ធ្លាប់បានបញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺ ក្រុមមេធាវីបានប្តឹងជំទាស់មោឃភាពចំពោះនីតិវិធីទាំងអស់ ទាំងសមត្ថកិច្ចព្យាយាមចាប់ខ្លួនលោក កឹម សុខា តុលាការចោទប្រកាន់លោក កឹម សុខា និងតុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺជាបន្តបន្ទាប់។
គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
ជាមួយគ្នានេះ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ បានផ្ញើរបាយការណ៍បីទំព័រ ជូនដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទាក់ទងនឹងការចោទប្រកាន់លើ លោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ចាម៕